រថយន្ត Ford ដែលបានតម្លើងក្នុងរោងចក្រ មានទីតាំងស្ថិតនៅខេត្តពោធិ៍សាត់របស់ក្រុមហ៊ុន RMA Cambodia នឹងបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជានាសប្ដាហ៍ក្រោយនេះហើយ។ នេះបើតាមការថ្លែងរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ក្នុងពិធីសម្ពោធជាផ្លូវការរថយន្ត Next-Generation Ranger Raptor សេរីឆ្នាំ២០២៣ នៅដឹ ព្រមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។

«នៅសប្ដាហ៍ក្រោយនេះ យើងចាប់ផ្ដើមមានផលិតផលដែលផលិតនៅក្នុងប្រទេសយើងលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងហើយ»។ ការថ្លែងដោយមោទនភាពដូច្នេះពីអ្នកជំនួញកូនខ្មែរ លោក ងន សាំង បានធ្វើឱ្យភ្ញៀវកិត្តិយសមិនតិចជាង១ពាន់នាក់ក្នុងពិធីសម្ពោធរថយន្ត Rapor សេរីឆ្នាំ២០២៣ ដែលមានរហ័សនាមថា«រថយន្តសំឡេងដាយណូស័រ»នោះ លាន់មាត់គ្រប់ៗគ្នាយ៉ាងកងរំពង ដ្បិតម្នាក់ៗពិតជាទន្ទឹងរង់ចាំណាស់ គឺរង់ចាំមើលរថយន្តអំបូរFordដែលបដិសន្ធិតឡើងជាលើកដំបូងលើមាតុភូមិរបស់ខ្លួន។

សូមបញ្ជាក់ថា រោងចក្របង្គុំ និងតម្លើងរថយន្ត Ford មានទីតាំងនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានស​ម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ រោងចក្រជាប្រវត្តិសាស្រ្តមួយនេះ មានតម្លើងប្រភេទFordRenger និងFord Everest របស់ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. និងមានតម្លៃវិនិយោគប្រមាណ២១លានដុល្លារ។

ដោយឡែកបន្តមកដឹងបន្តិចអំពីរថយន្ត Next-Generation Ranger Raptor សេរីឆ្នាំ២០២៣ មានរហ័សនាម រថយន្តសំឡេងដាយណូស័រវិញម្ដង។ បានជារថយន្តល្បីឈ្មោះប្រភេទនេះត្រូវបានគេផ្ដល់រហ័សនាមយ៉ាងដូច្នេះនោះ ក៏ព្រោះតែភាពទំនើបនៃប្រព័ន្ធកំណត់សំឡេងដែលបញ្ចេញតាមបំពង់ស៊ីម៉ាំងរថយន្តនេះ មានច្រើនជម្រើស។ មិនសរសើរមិន គឺរថយន្តនេះមានប្រព័ន្ធកំណត់សំឡេងតាំងពីសំឡេងស្ងាត់ល្អរហូតដល់សំឡេងប្រៀបបាននឹងឡានប្រណាំង លាន់គ្រហឹមធ្ងន់ៗ ពិសេសគឺសំឡេងដែលប្រៀបបាននិងសម្រែកដាយណូស័រក្នុងភាពយន្តហូលីវូដ។

តើថយន្ត Next-Generation Ranger Raptor រហ័សនាមរថយន្តសំឡេងដាយណូស័រដែលមានតម្លៃជិត៨ម៉ឺនដុល្លារលក់នៅលើទីផ្សារកម្ពុជានេះ មានភាពទំនើប ពិសេស អស្ចារ្យ និងគុណតម្លៃបែបណាខ្លះ? ត្រយងនឹងផ្ដល់ជូននាអត្ថបទបន្ទាប់៕

Share.