ព្រឹត្តិការណ៍ប្រកួតកីឡាមហាជនជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២​ ត្រូវបានបញ្ចប់​ដោយជោគជ័យ​ ហើយក៏រកឃើញម្ចាស់ជើងឯកលើវិញ្ញាសារបាល់ទាត់គឺក្រុមបាល់ទាត់ក្រុមបូកគោ យកឈ្នះក្រុមបុរីរ៉ាត់នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤ទល់២ ក្លាយជាជើងឯកពានរង្វាន់មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថាការប្រកួតពានរង្វាន់មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២២ នេះមាន៤វិញ្ញាសារគឺ បាល់ទាត់ បាល់បោះបុរស់នារី អត្តពលកម្ម និងប៉េតង់។ សម្រាប់វិញ្ញាសារបាល់ទាត់មានក្រុមចូលរួមប្រកួតរហូតដល់២៦ក្រុម ប្រកួតរូបមន្តចាញ់ធ្លាក់ ឈ្នះទៅវគ្គបន្ត ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២២។

ក្លិបបាល់ទាត់បូកគោ ជាក្រុមមួយដែលបានបង្កើតនៅពាក់កណ្តាលឆ្នាំ២០២០ ដំបូងឡើយជាក្រុមបាល់ទាត់លេងបែកញើសធម្មតា ដោយមានឈ្មោះដើមថា ក្រុមបាល់ទាត់សាលាក្រុងបូកគោ ហើយបានលេងបង្កើតមិត្តភាពអស់រយះពេលជាងកន្លះឆ្នាំ ដោយមើលឃើញថា ក្មេងមួយចំនួនធំមិនមានឱកាសក្នុងការបង្ហាញសមត្ថភាព ហើយក្មេងមួយចំនួនទៀតនៅជាយក្រុង ឬតាមស្រុក ដែលគ្មានឱកាសបានប្រកួតប្រជែង រហូតដល់ដើមឆ្នាំ២០២២។

ក្រុមបាល់ទាត់បូកគោក៏បានរៀបចំជារចនាសម្ព័ន្ធក្រុម ចាប់ផ្តើមជ្រើសរើសកីឡាករចូលក្រុម ជ្រើសរើសក្រុមការងារ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីពេទ្យ បានហើយ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ ហើយក៏បានដាក់ឈ្មោះទៅជា «ក្លិបបាល់ទាត់បូកគោ» រហូតដល់សព្វថ្ងៃ ដែលមានរចនាសម្ព័ន្ធ«ដូចបានភ្ជាប់ជូន»។ ក្លិបបាល់ទាត់បូកគោ មានមូលដ្ឋាននៅក្នុងក្រុងកំពត នៃខេត្តកំពត។

រហូតមកដល់ពេលនេះទើបតែចូលរួមប្រកួតក្នុងពានរង្វាន់លើកទី១ ជាពានរបស់ប្រចាំខេត្តកំពតបានទទួលជោគជ័យនឹកស្មានមិនដល់ ទាំងអស់នេះគឺ កើតចេញពីការខិតខំប្រឹងប្រែង ហ្វឹកហាត់បច្ចេកទេស និងកាយសម្បទារ។ សង្ឃឹមថាថ្នាក់ដឹកនាំក្រុមបាល់ទាត់បូកគោនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ និងបណ្តុះកីឡាករបន្ថែមទៀតដើម្បីជោគជ័យនៅពានរង្វាន់ក្រោយៗទៀត និងជាផ្នែកមួយសំបណ្តុះបណ្តាលបាល់ទាត់ខេត្តកំពតអោយកាន់តែរីកចម្រើនថែមទៀត៕

Share.