គិតចាប់ពីថ្ងៃទី២ មិថុនា ដល់ថ្ងៃទី០៣ មិថុនា នារសៀលនេះ ស្រុកព្រះស្ដេច ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៣៣នាក់។ តួលេខនេះអាចខ្ពស់ជាងនេះ ព្រោះអ្នកជំនាញកំពុងធ្វើតេស្ដអ្នកពាក់ព័ន្ធនៅបណ្ដាឃុំផ្សេងៗ។

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បាននិយាយនៅក្នុងសារសំឡេងមួយថា ការធ្វើតេស្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៣នាក់ នៅឃុំកំពង់សឹង។ ឥឡូវនេះ កំពុងស្រាវជ្រាវអ្នកពាក់ព័ន្ធ ដែលមានបងប្អូន ធ្វើការនៅសួនឧស្សាហកម្មសំរោងធំ ដែលមានឃុំដូចជា ឃុំរំចេក ឃុំល្វា ក្រាំងស្វាយ ឃុំសេនារាជឧត្តម ឃុំអង្គររាជ្យ ឃុំរាធរ និងឃុំបន្ទាយចក្រី ឃុំជៃកំពក។ លទ្ធផលនេះ អាចមានការកើនឡើងជាបន្ដបន្ទាប់។

លោក ភុន សម្ផស្ស បានអំពាវនាវដល់កម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្ហាញភាពស្មោះត្រង់ ត្រូវរាយការណ៍ឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ បើពុំដូច្នេះទេ សោដនាដកម្ម នៅស្រុកព្រះស្ដេច អាចនឹងកើតមាន។ ទន្ទឹមនឹងនេះ ប្រជាជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាល គឺរក្សា៣កុម ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

Share.