ភ្នំពេញ ៖ បុរសម្នាក់មានបញ្ហាសុខភាពផង វិប្បត្តិផ្លូវចិត្តផង បន្ទាប់ពីមានជម្លោះជាមួយសង្សារ បែជាសម្រេចចិត្តលោតពីលើអគារកម្ពស់៤ជាន់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ២០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មុនដំបូងសង្ស័យថាជាជនបរទេស ដេកស្លាប់ផ្កាប់មុខ តាមពិត ក្រោយពីផ្អើលឆោឡោពីក្រុមគ្រួសារ ទើបដឹងថាជាជនជាតិខ្មែរ មានឈ្មោះ ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និស្សិតផ្នែកអគ្គិសនី ស្នាក់នៅបន្ទប់ជួលលេខ៦ ជាន់ទី៤ កន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។

បើតាមការបំភ្លឺពីក្រុមគ្រួសារ បានឱ្យដឹងថា ជនរងគ្រោះមានជម្ងឺបេះរលាកស្រោមខួរ ធ្លាប់នាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ផងដែរ ជួលបន្ទប់ស្នាក់នៅរួមជាមួយសង្សារ ក្បែរខាងគ្នាជាមួយបងប្អូនដែរ ។

ប្រភពបន្តទៀតថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះកើតមានជម្លោះ ជាមួយសង្សារ ឃើញសភាពមិនស្រួល ម្យ៉ាងជនរងគ្រោះកំពុងមានបញ្ហាសុខភាពផង ខ្លាចជម្ងឺរើ បងប្អូន ក្រុមគ្រួសារ ក៏នាំទៅស្រុកឯខេត្តកំពង់ចាម ស្រាប់តែនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ឃើញជនរងគ្រោះបានជិះកង់បីវិលមកផ្ទះជួលវិញ ទាំងទឹកមុខស្រងូតស្រងាត់ លុះរហូតដល់វេលាម៉ោងខាងលើ ជនរងគ្រោះ ហក់លោតចុះពីបន្ទប់ បណ្តាលឱ្យស្លាប់តែម្តង ។

តាមប្រភពនៅកន្លែង បានឱ្យដឹងថា បុរសជនរងគ្រោះ សង្ស័យបញ្ហាខួរក្បាល កើតមានវិប្បត្តិផ្លូវចិត្ត ស្រាប់តែហក់លោតទម្លាក់ខ្លួនចុះពីបន្ទប់ជួលជាន់ទី៤ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅ ទីតាំងកើតហេតុ ដើម្បីសាកសួរ ស្រាវជ្រាវ ធ្វើការពិនិត្យកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សេង សាវី

Share.