នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) បាន​ជូនដំណឹង​ដល់​អ្នក​គាំទ្រ​ថា​ក្លិប​សម្រេច​តែងតាំង​ជំនួយការ​គ្រូ​បង្វឹក​ថ្មី ជា​ជនជាតិ​ជប៉ុន ដើម្បី​​ត្រៀម​បេសកកម្ម​នានា​ក្នុង​ឆ្នាំ​២០២១ នេះ​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន និង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021។

នៅ​លើ​វិបសាយ​ក្លិប​បាន​បញ្ជាក់​ថា៖«លោក Kota Miyagi នឹងក្លាយជាជំនួយការគ្រូបង្វឹកឈុតធំ សម្រាប់រដូវកាល ២០២១ នេះ។ លោក Kota គឺជាគ្រូបង្វឹកមួយរូបដែលកាន់អជ្ញាបណ្ឌ Japan Football Association(JFA) C License»។

មុនក្លាយជាគ្រូជំនួយរបស់ក្រុម អង្គរថាយហ្គឺរ គ្រូបង្វឹកវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករ​ លេង​ឲ្យ​ក្រុម​លីគ​លំដាប់​ទី ៣ ជប៉ុន FC Ryukyu (ដែលបច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី ២) ពីឆ្នាំ ២០១៦ ដល់ ២០១៧។ ក្រោយមក​លោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U12 របស់ FC Ryukyu ក្នុងឆ្នាំ ២០១៧ និង​បន្តក្លាយជាគ្រូជំនួយឈុត U18 នៅក្នុងឆ្នាំ​ ២០១៨។ នៅក្នុងឆ្នាំ​ ២០១៨ ដដែល លោក​បានមក​ប្រទេសកម្ពុជាតាមរយៈអង្ការ JICA នឹងបានធ្វើជា​ជំនួយការគ្រូបង្វឹកក្រុមជម្រើសខេត្ត ក្រចេះ ឈុត U15 និង U18 រហូតដល់ឆ្នាំ​ ២០២១។

ក្រៅពីភាសា ជប៉ុន និង អង់គ្លេស លោក Kota Miyagi ក៏អាចប្រើប្រាស់ភាសា ខ្មែរ បានផងដែរ។

ក្លិប​​អង្គរថាយហ្គឺរ បាន​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​លោក Kota Miyagi ព្រម​ទាំង​សង្ឃឹម​ថា​លោក​នឹង​សហការជា​មួយគ្រូបង្វឹក Oriol Segura ក្នុងការដឹកនាំ​ក្រុមខ្លាទឹកក្រូច​ឲ្យទទួល​បាន​ជោគជ័យ​នៅ​ក្នុង​រដូវកាល ២០២១​ នេះ៕

Telegram-Troryorng
Share.