ក្រចេះ ៖ បុរសជាជនជាតិខ្មែរឥស្លាមម្នាក់ រងរបួសសុះក្បាល ខ្នង ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាម បន្ទាប់ពីមានអ្នករស់នៅជិតខាងគ្នា ប្រដាប់ដោយដាវ ដើរចូលកាប់ គ្រាដែលជនរងគ្រោះកំពុងអង្គុយជជែកលេងជាមួយក្រុមគ្រួសារ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មីក សបអុី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅក្នុងភូមិកើតហេតុ រងរបួសសុះក្បាល ខ្នង ជាទម្ងន់ ។ ចំណែកជនដៃដល់ មានឈ្មោះ ម៉ាន់ ហួសាន់ ហៅ សូ ហាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាមដូចគ្នា រស់នៅផ្ទះក្បែរខាងគ្នា បានរត់គេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ភាគីសងខាងក៏មិនដឹងថាមានទំនាស់ គំនុំរឿងអ្វីនឹងគ្នាដែរ សូម្បីតែក្រុមគ្រួសារក៏មិនដឹងរឿងផង ស្រាប់តែនៅវេលាម៉ោងខាងលើ ខណៈដែលជនរងគ្រោះកំពុងតែអង្គុយលេងជាមួយក្រុមគ្រួសារសុខៗ មិនចាប់អារម្មណ៍ ស្រាប់តែជនដៃដល់កាន់ដាវដើរចូលទៅកាប់ រងរបួសជាច្រើនកន្លែង ដេកដួលក្នុងថ្លុកឈាម ហើយជនបង្ករត់គេចខ្លួនចូលព្រៃបាត់ស្រមោល ។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារ អ្នកភូមិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។ ជុំវិញករណីហឹង្សាខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងសហការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.