កូនខ្មែរកាណាដា កីឡាការិនី ឈីវ សេលីណា (Selena Chhiv) បានត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ស្របពេលថ្មីៗនេះ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាមានគម្រោងកោះហៅកីឡាការិនីកូនខ្មែរបរទេស ដើម្បីមកពង្រឹងក្រុម សម្រាប់ស៊ីហ្គេម ខណៈកីឡាការិនី ឈីវ សេលីណា បានបញ្ជាក់ថា ខ្លួនបានដឹងអំពីរឿងនេះ ប៉ុន្តែពុំទាន់មានការទំនាកទំទងជាផ្លូវការនៅឡើយ។

ឈីវ សេលីណា មានឪពុក និងម្ដាយជាជនជាតិខ្មែរ បានផ្លាស់ទៅរស់នៅប្រទេសកាណាដា ក្នុងអំឡុងសម័យសង្រ្គាម ហើយនាងបានកើតនៅទីក្រុង Montreal ប្រទេសកាណាដា នាឆ្នាំ២០០២។

កីឡាការិនីវ័យ ២០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា ខ្លួនពេញចិត្តនឹងចូលរួម ប្រសិនបើទទួលបានការកោះហៅពីគ្រូបង្វឹក ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទោះបីមានវ័យក្មេងក៏ដោយ។ លើសពីនេះ នាងក៏បានបញ្ជាក់ជំហរពីការត្រៀមខ្លួនគ្រប់ពេល ដើម្បីចូលរួមជាមួយជម្រើសជាតិនារីកម្ពុជា។

សេលីណា ក៏បានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីប្រកួតកន្លងៗមកផងដែរ ខណៈរូបនាងបានកត់សម្គាល់រឿងមួយចំនួន។ «ខ្ញុំឃើញការប្រកួតកម្ពុជាមួយចំនួនក្នុងការប្រកួត AFF Women’s Championship ចុងក្រោយទល់នឹងប្រទេសផ្សេង ខ្ញុំដឹងថា គេខ្លាំងប៉ុណ្ណាបើធៀបនឹងក្រុមនារីកម្ពុជា។ ខ្ញុំក៏ស្គាល់ក្រុមជាច្រើននៅកាណាដាដែលខ្លាំងជាងនេះផងដែរ»។

ឈីវ សេលីណា ដែលកើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ២០ឆ្នាំ មានកម្ពស់ ១.៦៣ម៉ែត្រ ជំនាញជើងស្ដាំ និងអាចលេងបានក្នុងតួនាទីជាខ្សែការពារ ខ្សែបម្រើ ឬខ្សែបម្រើស្លាប។ កីឡាការិនីរូបនេះចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ៥ឆ្នាំ ប៉ុន្តែនាងបានលេងតំណាងឲ្យក្រុមជាលើកដំបូងនៅអាយុ១២ឆ្នាំ។ បន្ទាប់មកនៅអាយុ ១៥ឆ្នាំ នាងចាប់ផ្ដើមលេងក្នុងកម្រិត Elite ជាមួយក្រុម Quebec (AAA)។

នៅអាយុ ១៨ឆ្នាំ នាងបានចូលរួមលេងក្នុងកម្រិតពាក់កណ្តាលអាជីព (លេងលីគកម្រិតខ្ពស់) ហើយបច្ចុប្បន្នកំពុងលេងឲ្យ CS MRO Outremont U21 AAA ដែលជាក្រុមចំនុះឲ្យ CS MRO Outremont AAA លេងនៅក្របខណ្ឌពាក់កណ្ដាលអាជីព ស្មើនឹងលំដាប់ទី៣ នៃលីគបាល់ទាត់នារីកាណាដា។

ក្រុមដែល សេលីណា ធ្លាប់ចូលរួមមានដូចជា ២០១៧-២០១៨ ជាមួយ Braves D’Ahunstic U-16 និង U-17។ ឆ្នាំ២០១៩ បានចូលរួមជាមួយ CS Saint-Laurent U-21 AA លុះចូលដល់ឆ្នាំ២០២០ ចាប់ផ្ដើមជាមួយក្រុមពាក់កណ្ដាលអាជីពលើកដំបូង ដោយចូលរួមជាមួយក្លិប CS Fabrose Semi-Pro (PLSQ)។ កាលពីឆ្នាំ២០២១ កន្លងទៅលេងឲ្យ Notre-Dame-De-Grâce U19 AAA និងបច្ចុប្បន្ន២០២២នេះ លេងឲ្យ CS MRO Outremont U21 AAA ដែលកំពុងស្ថិតនៅសប្ដាហ៍ចុងក្រោយនៃលីគ ហើយក្រុមរបស់នាងឈរនៅកំពូលតារាង៕

រូបភាព៖ Cambodia 2023

Share.