នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ខ្សែការពារ កុក បូរីស បានបង្ហោះនៅលើគណនីហ្វេសប៊ុកអំពីបញ្ហាប្រាក់ខែរបស់កីឡាករនៅក្លិបបាល់ទាត់ Sarawak United សមាជិកលីគកំពូលម៉ាឡេស៊ី។

ខ្សែការពារជម្រើសជាតិកម្ពុជា កុក បូរីស ថ្លែងថា«ខ្ញុំសុំទោសដែលខ្ញុំមិនបានផ្តល់ដំណឹងណាមួយដល់គ្រប់គ្នាអំពីខ្ញុំ! វាជារឿងផ្លូវការដែលក្លិប Sarawak មិនបានបើកប្រាក់ខែដល់កីឡាករ និងបុគ្គលិកទាំងអស់ រយៈពេល៤ខែមកហើយ ទោះជាយ៉ាងណាកីឡាករនៅតែរក្សាអាកប្បកិរិយាប្រកបដោយវិជ្ជាជីវ:របស់ពួកគេក្នុងការប្រកួតទាំងអស់។»

កុក បូរីស បន្តទៀតថា៖«សម្រាប់គ្រប់គ្នាគឺពិបាកណាស់ គ្មានលុយបង់ផ្ទះ, ថ្លៃអាហារ, បារម្ភអំពីគ្រួសារ។ គ្រប់គ្នារងទុក្ខច្រើន ប៉ុន្តែពួកយើងមិនដែលនិយាយតាមបណ្តាញសង្គមឡើយ ព្រោះយើងស្រឡាញ់ Sarawak United និងអ្នកគាំទ្រទាំងអស់។ យើងមិនបន្ទោសក្លិបឡើយ»។

គួរដឹងថា កុក បូរីស បានចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន ទៅកាន់ Sarawak United FC សមាជិក​លីគ​កំពូល​នៃ​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ក្នុងលក្ខខណ្ឌខ្ចី​ជើង​ចំនួន១រដូវកាល ខណៈ​រូប​គេ​ជា​​កីឡាករ​កម្ពុជា ដំបូង​គេ​ចេញ​ទៅ​ប្រកួត​អាជីព​នៅ​ក្រៅ​​ប្រទេស​ក្នុង​ឆ្នាំ​២០២២ នេះ៕

Share.