រដ្ឋមន្រ្តីបម្រែបម្រួលអាកាសធាតុរបស់ប្រទេសប៉ាគីស្ថាន លោកស្រី ស៊ើរី រ៉េមេន (Sherry Rehman) បាននិយាយកាលពីថ្ងៃ ពុធ ទី ២៤ ខែ សីហា នេះថា ភ្លៀងធ្លាក់រដូវមូសុងដ៏ខ្លាំងក្លា មិនធ្លាប់មានក្នុងកំណត់ត្រា បានបង្កឲ្យមានគ្រោះមហន្ដរាយដ៏ធំធេងដោយសម្លាប់មនុស្សជាង ៨០០នាក់ ចាប់តាំងពីខែ មិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ សីហា ឆ្នាំ ២០២២។

ភ្លៀងមូសុងប្រចាំឆ្នាំ ពិតជាមានសារសំខាន់សម្រាប់ស្រោចស្រពដំណាំ និង ការបំពេញបឹង និង ទំនប់នៅទូទាំងឧបទ្វីបឥណ្ឌា ប៉ុន្ដែជារៀងរាល់ឆ្នាំ វាក៏នាំមកនូវរលកនៃការបំផ្លិចបំផ្លាញផងដែរ។

ភ្លៀងធ្លាក់ខ្លាំងបានបន្ដវាយលុកប្រទេសប៉ាគីស្ថានកាលពីថ្ងៃ ពុធ ដោយអាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់ច្រើនជាង ១០នាក់ រួមទាំងកុមារ ៩នាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ស្របពេលជាមួយគ្នា លោកស្រី រ៉េមេន (Rehman) បានអំពាវនាវសុំឲ្យអន្តរជាតិ ផ្ដល់ជំនួយក្នុងការដោះស្រាយជាមួយទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ៨០០នាក់ ចាប់តាំងពីខែ មិថុនា មក។ លោកស្រីបានប្រាប់ AFP ថា «ការរស់នៅមានហានិភ័យ មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង វាជារឿងសំខាន់ដែលដៃគូអន្តរជាតិ ត្រូវជួយយើង នៅពេលដែលការវាយតម្លៃពីការខូចខាតបានបញ្ចប់»។

សូមជម្រាបថា ប្រទេសប៉ាគីស្ថានស្ថិតនៅលំដាប់ទី៨ ក្នុងបញ្ជីប្រទេសដែលត្រូវបានគេចាត់ទុកថា ងាយរងគ្រោះបំផុតចំពោះអាកាសធាតុដ៏អាក្រក់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ CNA

Share.