មានសារព័ត៌មានជាច្រើននៅក្នុងប្រទេសកូរ៉េបានផ្សព្វផ្សាយថា តួឯកប្រុសថ្ពាល់ខួច Hyun Bin បានព្យួរការងារសម្ដែងមួយឆ្នាំពេញដើម្បីត្រៀមរៀបចំគម្រោងរៀបការនៅឆ្នាំ២០២២ជាមួយនឹងមិត្តស្រី Son Ye Jin។
សម្រាប់ព័ត៌មានដែលមានផ្សព្វផ្សាយលើប្រព័ន្ធឥទ្ធិពលពេលខ្លះមិនអាចជឿទាំងស្រុងនោះទេ ប៉ុន្តែមានអ្នកគាំទ្រនិងមហាជនជាច្រើនបែរជាជឿជាក់ថាពាក្យចចាមអារ៉ាមរឿងរៀបការរបស់កំពូលតារាសម្ដែងល្បីពីរដួងរបស់ប្រទេសកូរ៉េ Hyun Bin និង Son Ye Jin គឺជាការពិត។

មានបុគ្គលម្នាក់ដែលអះអាងថាខ្លួនគឺជាសមាជិកក្នុងក្រុមការងារថតរឿងភាគកូរ៉េ (K-dramas) បានសរសេរនៅលើបណ្ដាញសង្គមថារូបខ្លួនបានសួរមិត្តរួមការងារថាពេលណាអាចបានធ្វើការងារជាមួយនឹង Hyun Bin ជាថ្មីទៀត បន្ទាប់មកមិត្តរបស់គាត់ក៏បានឆ្លើយតបថា តារាសម្ដែង Hyun Bin ព្យួរការងារសម្ដែងរបស់គាត់រហូតដល់ឆ្នាំក្រោយ ដោយសារពេលនេះគាត់កំពុងតែរៀបផែនការអាពាហ៍ពិពាហ៍។
ដំណឹងមិនផ្លូវការនេះបានធ្វើឱ្យមហាជនរំភើបយ៉ាងខ្លាំង ព្រោះមានបណ្ដាញសារព័ត៌មានជាច្រើនបានសង្ស័យនិងតាមដានរឿងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមួយរយៈកន្លងមកហើយ។

ពាក្យចចាមអារ៉ាមបានបន្តលេចឮថែមទៀតថា តារាសម្ដែងពីភាពយន្តដ៏ល្បីល្បាញ «The Crash Landing On You» ចង់រៀបអាពាហ៍ពិពាហ៍នៅពាក់កណ្ដាលឆ្នាំ២០២០ ប៉ុន្តែសម្រេចចិត្តរង់ចាំពេលាល្អពីហោរាសាស្ត្រសិន។
កាលពីដើមឆ្នាំដំណឹងរៀបអាពាហ៍ពិពាហ៍ ធ្លាប់បានផ្ទុះការចាប់អារម្មណ៍ម្ដងហើយ ដោយសារតែមានដំណឹងថា Hyun Bin បានទិញ Penthouse ដែលមានតម្លៃ ៥.៧លានដុល្លារអាមេរិក ដែលធ្វើឱ្យមហាជនគិតថាតារារូបនេះទិញទ្រនំស្នេហ៍ត្រៀមរៀបការជាមួយនឹងសង្សារ Son Ye Jin ប៉ុន្តែក្រោយមកផលិតកម្មដែលគ្រប់គ្រងលោកបានចេញមកបដិសេធរឿងនេះ។
ខណៈនេះទាំងផលិតកម្មដែលមើលការខុសត្រូវនិងគ្រប់គ្រងលើ Hyun Bin និង Son Ye Jin មិនទាន់មានផលិតកម្មណាមួយបានចេញមកបដិសេធឬឆ្លើយតបចំពោះដំណឹងចចាមអារ៉ាមនេះនៅឡើយទេ៕
