សមត្ថកិច្ចបានបើកប្រតិបត្តិការចុះហាមឃាត់អ្នកលេងល្បែងស៊ីសងដល់មូលដ្ឋាន និងឆ្លៀតអប់រំណែនាំអ្នកលេងជិត ៥០នាក់នៅចំណុចព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង។

 ប្រភពីនគរបាលបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបណ្តើរ អប់រំបណ្តើររយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៣ខែមិថុនានេះ ធ្វើឡើងនៅក្នុង ភូមិសាស្ត្រជុំវិញស្រុកសំពៅលូន ក្រោមកិច្ចសហការរវាងកម្លាំងអន្តរាគមន៍ និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល។

ក្នុងនោះសមត្ថកិច្ច បានចុះបង្ក្រាបហាមឃាត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋជាច្រើនមិនធ្លាប់មានពីមុនមកខណ:ពួកគាត់ឆ្លៀតឱកាសប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង នៅក្នុងមូលដ្ឋានដោយមិនបានចូលរួមចំណែករក្សាគម្លាត ឬការពារនូវការរាលដាលឆ្លងនូវជំងឺកូវីដ-១៩ ឡើយ។

លោកវរសេនីយ៍ ទោ  ទឹម  វិច្ឆ័យ  អធិការនគរ បាលស្រុកសំពៅលូន បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនអ្នកលេងនៅនឹងទីតាំងប្រព្រឹត្តរួចប្រើប្រាស់វិធានការអប់រំណែនាំឲ្យឈប់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងដែលជាអំពើផ្ទុយនឹងច្បាប់រដ្ឋ ក៏ដូចជាផ្ទុយនឹងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩របស់រាជរដ្ឋាបាលផងដែរ។

នៅពេលចុះបង្ក្រាបទីតាំងល្បែងទាំង៨កន្លែងនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកលេង ចំនួន ៤៥នាក់ភាគច្រើនជាស្ត្រី ហើយតម្រូវឲ្យធ្វើកិច្ចសន្យានៅហ្នឹងកន្លែងឲ្យឈប់ប្រមូលជួបជុំគ្នាច្រើន ពិសេសក្នុងដំណាក់កាលប្រទេសកំពុងជួបវិបត្តិរីករាលដាលនូវជំងឺ កូវីដ-១៩ ដែលពលរដ្ឋទាំងអស់ចាំបាច់ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់៕

អត្ថបទនិងរូបភាព៖ដំបងក្រញូង

Share.