«បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហក់បែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក»។ នេះជាខ្លឹមសារបង្ហោះលើផេកក្រសួងព័ត៌មាន ដោយមានភ្ជាប់នូវរូបថតមួយចំនួនទៀតផង។

បើតាមក្រសួងព័ត៌មានដែលទើបបង្ហោះផ្សាយខ្លឹមសារនេះនៅម៉ោងប្រមាណ១០កន្លះយប់ថ្ងៃទី២៩ ខែសីហានេះ អាជ្ញាធរបានចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់ដែលមានការប្រមូលផ្ដុំក្រុមអ្នកគាំទ្រលោក ខឹម វាសនា ហើយដែរ និងថាសមត្ថកិច្ចកំពុងត្រៀមអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្ត ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់។

បន្ថែមលើខ្លឹមសារផ្ញើជូនទៅលោក ខឹម វាសនា ផ្ទាល់ រដ្ឋបាលខេត្តសៀមរាបនៅយប់នេះ ក៏បានចេញសេចក្ដីដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនអំពីករណីនេះផងដែរ។ «ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនាប្រជាភិថុតិបែបអបីយជំនឿ និងប្រាសចាកពីការពិត ព្រមទាំង បានតាំងខ្លួនជាតួអង្គព្រហ្ម និងបានផ្សព្វផ្សាយព័ត៌មានថាមានអភូតហេតុគ្រោះទឹកជំនន់លិចទូទាំងពិភព លោក ព្រមទាំងព្រះរាជាណាចក្រកម្ពុជា»។ នេះជាខ្លឹមសារនៃលិខិតរដ្ឋបាលខេត្ត។

បើតាមរដ្ឋបាលខេត្តសៀមរាប ករណីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេសមានការយល់ច្រឡំ និងមានភាពភិតភ័យបានបោះបង់ចោលផ្ទះសម្បែង ការងារ និងមុខរបរ ហើយនាំគ្នាមកប្រមូលផ្ដុំស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ស្ថិតនៅក្បែរជើងភ្នំគូលែន ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សុខុមាលភាពប្រជាពលរដ្ឋ និង ចៀសវាងបញ្ហាកើតឡើងផ្សេងៗជាយថាហេតុ រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តសៀមរាប និងនៅក្រៅខេត្ត កុំជឿការឃោសនា និងការផ្សព្វផ្សាយតាមលក្ខណៈបែបប្រជាភិថុតិរបស់លោក ខឹម វាសនា នាពេលកន្លងមកជាព័ត៌មានមិនពិត និងបញ្ឈប់ការមកចូលរួម និងស្នាក់នៅក្នុង ដីចម្ការរបស់លោក ខឹម វាសនា និងទីតាំងផ្សេងៗ ដែលធ្វើឱ្យបាត់បង់ការងារ ឬមុខ របរផ្សេងៗ ក្មេងៗមិនបានទៅសាលារៀន គ្មានអនាម័យបរិស្ថាន និងពុំមានកន្លែង ស្នាក់នៅសមរម្យ….។ល។

រដ្ឋបាលខេត្តបានចាត់ទុកសកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ សុខុមាល ភាព ខ្វះទឹកស្អាតប្រើប្រាស់ និងការហូបចុកមិនបានគ្រប់គ្រាន់ ដែលធ្វើឱ្យបងប្អូនជួប ប្រទះនូវការលំបាក និងបាត់បង់ទ្រព្យសម្បត្តិ ព្រមទាំងប្រឈមនឹងការឆ្លងជំងឺកូវីដ៍-១៩ និងជំងឺផ្សេងៗ និងថាការប្រមូលផ្ដុំមកស្នាក់នៅ និងជួបជុំមនុស្សច្រើនជាការល្មើសនឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចប្រឈមនឹងការអនុវត្តវិធានការច្បាប់ជាធរមាន។

«ដើម្បីចៀសវាងនូវបញ្ហាដែលបានរៀបរាប់ខាងលើ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងនៅក្រៅខេត្ត ត្រូវឈប់ជឿលើការឃោសនាតាមបែបប្រជាភិថុតិរបស់លោក ខឹម វាសនា និងបញ្ឈប់ ការមកស្នាក់នៅប្រមូលផ្តុំនៅក្នុងដីចំការ និងទីតាំងផ្សេងៗ ព្រមទាំងសូមវិលត្រឡប់ទៅកាន់លំនៅដ្ឋាន រៀងៗខ្លួនវិញ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ»។ រដ្ឋបាលខេត្តសៀមរាប ក៏សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចៀសវាងបាន នូវការបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕

Share.