ការិយាល័យរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃ ពុធ ទី ៣១ ខែ សីហា នេះថា លោក មហាធៀ មហាម៉ាត់ បច្ចុប្បន្នមានអាយុ ៩៧ឆ្នាំ បានធ្វើតេស្ដវិជ្ជមាន កូវីដ១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និង តាមដានស្ថានភាពជំងឺរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ពុធ ទី ៣១ ខែ សីហា ឆ្នាំ ២០២២។

ក្នុងសេចក្ដីថ្លែងការណ៍បាននិយាយថា លោក មហាធៀ បានបញ្ជូនទៅវិទ្យាស្ថានបេះដូងជាតិ ដើម្បីតាមដានស្ថានភាពសុខភាពរបស់លោក ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ បើតាមសេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថា មិនទាន់មានព័ត៌មានលម្អិតអំពីរោគសញ្ញា ឬ ស្ថានភាពរបស់លោកទេ។

សូមជម្រាបថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី រូបនេះ ធ្លាប់ទទួលការវះកាត់បេះដូងលើកដំបូង កាលពីឆ្នាំ១៩៨៩ និង លើកទី២ គឺនៅឆ្នាំ២០១៧ ហើយនៅដើមឆ្នាំ២០២២នេះ លោកបានចូលសម្រាកនៅមន្ទីរម្តងទៀត សម្រាប់ការព្យាបាលបេះដូងរបស់លោក៕

ប្រភព៖ CNA

Share.