ក្រោយផ្ទុះព័ត៌មានភ្ញាក់ផ្អើលរឿងបែកបាក់គ្នារហូតឈានដល់ការបែកផ្ទះរវាងកំពូលតារាឯកស្រីដ៏ល្បីរបស់កូរ៉េ Jun Ji hyun ខណៈស្វាមីស្នើសុំលែងលះព្រោះមានស្រីថ្មី ពេលនេះទាំងផលិតកម្មគ្រប់គ្រងតារាស្រីរូបនេះទាំងសាមីខ្លួនសា្វមីបានចេញមកធ្វើការបដិសេធព័ត៌មានចចាមអារ៉ាមខាងលើហើយ។
ស្វាមីវ័យ៤០ឆ្នាំដែលជាប្រធានក្រុមហ៊ុន Alpha របស់តួឯកស្រី «សង្សារខ្ញុំជាបុរសភពផ្កាយ» បានធ្វើរឿងមួយដែលនាំមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសវិធីសាស្ត្រឆ្លើយតបនឹងព័ត៌មានចចាមអារ៉ាមរបស់ពិតជាប្លែក គួរឱ្យអស់សំណើចតែច្បាស់លាស់គួរទទួលយកបាន។
Choi Joon Hyuk ស្វាមីរបស់តារាល្បីរូបនេះរមែងតែងតែប្ដូររូប Profile នៅរាល់ពេលដែលមានព័ត៌មានចចាមអារ៉ាមរឿងលែងលះគ្នារវាងអ្នកទាំងពីរខ្ចរខ្ចាយជាសាធារណៈ ដោយម្ដងនេះលោកបានប្ដូររូប Profile នៅក្នុង Kakao Talk ជារូប Cartoon ល្បីឈ្មោះ SlamDunk ព្រមជាមួយនឹងពាក្យសន្ទនាដែលតួតុក្កតានោះបាននិយាយថា៖ «ខ្ញុំ…ចង់ក្លាយជាស្វាមីរបស់ Jun Ji Hyun!»
មហាជនបានឃើញហើយក៏យល់ឃើញថាលោក Choi ប្រើវិធីសាមញ្ញបែបកំប្លែងដើម្បីឆ្លយតបនឹងដំណឹងលែងលះ ក្រោយមាន YouTuber ល្បីឈ្មោះ Kim Yong Oh ដែលជាអ្នកព័ត៌មានរបស់ Garo Sero Institute ជាសារព័ត៌មានលើ YouTube បានចេញមកប្រកាសព័ត៌មានថា «ស្វាមីរបស់ Jun Ji Hyun បានចាកចេញពីផ្ទះទៅនៅកន្លែងផ្សេង ក្រោយពីលោកបានប្រាប់ទៅ Ji Hyun ថាលោកមិនចង់ធ្វើជាស្វាមីរបស់នាងជាបន្តទៀតនោះទេ»។
ក្រោយមានដំណឹងអកុសលនេះផ្សព្វផ្សាយចេញជាសាធារណៈផលិតកម្ម Culture Depot ដែលគ្រប់គ្រងលើតារាស្រី Jun Ji Hyun បានចេញមកបដិសេធព័ត៌មាននេះតាំងពីថ្ងៃទី ៣ ខែមិថុនា ដោយប្រកាសថានឹងធ្វើការប្ដឹងចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ រួមទាំងអ្នកលេងអ៊ិនធឺណិតដែលបង្កើតព័ត៌មានក្លែងក្លាយនេះឡើងផងដែរ៕
