ដូចពាក្យចាស់លោកពោលថា «វាសនាមនុស្សម្នាក់ៗ គឺមើលមិនឃើញទេ ហើយមិនអាចស្មានទុកមុនឡើយ ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាទេ» ជាមួយគ្នានោះដែរដូចគ្នានឹងបេក្ខជន លីម តិចម៉េង ដែលទើបតែចូលមកប្រឡូក ក្នុងវិស័យប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤នេះ ក៏ទទួលបានពានរង្វាន់លេខ១និងប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ដែលគ្មានអ្នកណានឹកស្មានដល់ឡើយ។

យ៉ាងណាមិញ ដើម្បីសម្ដែងការត្រេកអរចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជនរូបនេះ សូម្បីតែថ្នាក់ដឹកនាំប្រទេសកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុនសែន ក៏បានសម្ដែងអារម្មណ៍រំភើបនិងសាទរចំពោះ តិចម៉េង ដូចគ្នា ក៏ដូចជាបេក្ខជន ៣រូបផ្សេងទៀត ដែលមានវត្តមាននៅក្នុងថ្ងៃផ្ដាច់ព្រ័ត្រផងដែរ។ ដំណឹងនេះ ត្រូវបង្ហោះជាសាធារណៈនៅលើហ្វេសប៊ុកផេករបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុនសែន ដោយផ្ទាល់ រហូតធ្វើឱ្យអ្នកសារព័ត៌មានប្រទេសជិតខាងរបងជាប់យើង លើកយកមកផ្សព្វផ្សាយនៅលើគេហទំព័ររបស់គេ ដើម្បីឲ្យមហាជនថៃបានជ្រាបដឹង។ សារព័ត៌មានថៃដែលមានឈ្មោះ MGRonline បានធ្វើការចេញផ្សាយដោយលើកឡើងថា បេក្ខជន លីម តិចម៉េង គឺជាបេក្ខជនសិល្បករមុខថ្មីដំបូងបង្អស់របស់កម្ពុជា ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីថ្នាក់ដឹកនាំប្រទេសកម្ពុជា បង្ហោះសារនៅលើហ្វេសប៊ុកជាការអបអរសាទរ។

ជាក់ស្ដែង នៅថ្ងៃដែលកំឡោះតូច លីម តិចម៉េង លើកពាន សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនិងរូបថតរបស់ លីម តិចម៉េង ហើយ​សរសេរថា «សូមអបអរសារចៅលីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។ ចំណុចនេះបានធ្វើឱ្យហ្វេសប៊ុកផេចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន កើនឡើងចំនួន Like និង ស៊ែរ ដូចជាទឹកបាក់ទំនប់ រហូតឡើងដល់ជាង ១៤៧០០នាក់ក្នុងពេលត្រឹមតែមួយថ្ងៃនោះ។

សូមរម្លឹកថា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ ​នារាត្រីថ្ងៃទី២៨ ខែសីហា កន្លងមកនេះ ក្នុងពេលបង្ហាញសមត្ថភាពរបស់បេក្ខជន លីម តិចម៉េង សន្ទុះនៃការគាំទ្រទស្សនានៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានចំនួនអ្នកមើលក្នុងការឡាយរហូតដល់ទៅជាងកន្លះលាននាក់ រីឯអ្នកទស្សនាផ្ទាល់​នៅទីនោះស្ទើរតែ១០០% ទៅហើយដែលជាអ្នកគាំទ្រកំឡោះតូច​ញញឹមស្រស់ដ៏មានមន្តស្នេហ៍មកពី​ខេត្តកំពង់ចាមរូបនេះ​។

លីម តិចម៉េង ជាសិល្បករច្រៀងមុខមាត់ថ្មីមួយរបស់កម្ពុជាដែលមានអាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បានក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី៤ មានអ្នកស្រឡាញ់គាំទ្រច្រើនជាងគេ និងចេញពីបេះដូង រហូតមានមុខចេញនៅលើសារព័ត៌មានរបស់បរទេសថែមទៀតផង៕

Share.