កញ្ញា Hinano Kurosaki ស្រីស្អាតមួយរូបដែលជា Influencer ល្បីឈ្មោះនៅទីក្រុងតូក្យូប្រទេសជប៉ុន បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅក្នុងកម្មវិធីប្រកាសថតខ្សែភាពយន្តថ្មីដែលមានចំណងជើងថា KTV : Killing Time Violently ក្រោមស្នាដៃអ្នកដឹកនាំរឿងល្បីឈ្មោះ Jimmy Henderson ដែលធ្លាប់ល្បីល្បាញពីរឿង JAILBREAK និង The Prey។

កញ្ញា Hinano Kurosaki និង លោក Jimmy Henderson

កញ្ញា Hinano Kurosaki គឺជា Influencer ល្បីម្នាក់ដែលតែងបង្ហាញមហាជនអ្នកគាំទ្រពីរបៀបជ្រើសរើសគ្រឿងអលង្ការស្អាតឱ្យសមរាងកាយ រួមទាំងការហាត់ប្រាណថែរក្សាសុខភាពឱ្យមានរាងស្អាតផងដែរ។ តារាជប៉ុនល្បីឈ្មោះរូបនេះ ត្រូវបានមហាជនជាច្រើនចោលក្រសែភ្នែកចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងប្រកាសភាពយន្តនេះ ដោយសារតែកញ្ញាមានរូបសម្រស់ស្រស់ស្អាត និងស្នាមញញឹមរាក់ទាក់មកកាន់អ្នកជុំវិញខ្លួន។ តាមការបង្ហើបគឺកញ្ញាមានវ័យចូលក្បាល ៤០ ហើយ ក៏ប៉ុន្តែបើមើលទៅសម្រស់វិញគឺមិនស៊ីនឹងវ័យសោះឡើយ។

កញ្ញា Hinano Kurosaki បានប្រាប់ឱ្យដឹងថា មូលហេតុដែលកញ្ញាអញ្ជើញចូលរួមថតខ្សែភាពយន្ត KTV : Killing Time Violently នោះក៏ព្រោះតែកញ្ញាចង់បើកទំព័រអាជីពសម្ដែង និងចង់ប្រឡូកក្នុងការថតខ្សែភាពយន្តនៅកម្ពុជា។ កញ្ញារៀបរាប់ថា កញ្ញាត្រូវជាបងប្អូនស្រីបង្កើតជាមួយតារាក្បាច់គុនល្បុក្កតោ អួ តារា ដែលមានឈាមជ័រជាកូនខ្មែរ ក៏ប៉ុន្តកញ្ញាបានទៅរស់នៅប្រទេសជប៉ុនយូរឆ្នាំ និងសាងកេរ្ដិ៍ឈ្មោះល្បីនៅលើបណ្ដាញសង្គមនៅទីនោះ។ កញ្ញាចាប់អារម្មណ៍ឃើញថា វិស័យខ្សែភាពយន្តនៅកម្ពុជាកំពុងតែរីកចម្រើន ហើយបោះជំហ៊ានទៅកាន់ឆាកអន្តរជាតិថែមទៀត និងជាពិសេសគឺចំពោះស្នាដៃរបស់លោក Jimmy Henderson ដែលធ្លាប់បានដាក់ភាពយន្តផ្សាយនៅលើ Platform ស្ដង់ដាអន្តរជាតិផងដែរ។ កញ្ញាបន្តថា ផលពិបាកនៅក្នុងខ្សែភាពយន្តនេះ គឺការប្រើប្រាស់ភាសា ដែលត្រូវឱ្យកញ្ញាប្រឹងវឹកហាត់បន្ថែមទៀត។

សូមជម្រាបថា រឿង KTV: Killing Time Violently គ្រោងចំណាយ ១៥ ម៉ឺនដុល្លារ នឹង​ចាប់ផ្តើម​បើក​កា​ម៉េ​រ៉ា​ចេញ​ថត​នៅ​ដើមខែ​កញ្ញា​នេះ នឹង​គ្រោង​ធ្វើ​ការចាក់​បញ្ចាំង​នៅ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​២០២៣​។ ក្រៅ​អំពី​ការចាក់​បញ្ចាំង​នៅ​កម្ពុជា រឿងនេះ​ក៏​គ្រោង​យកទៅ​រួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផ្សេងៗ​ផងដែរ ហើយ​ក៏មាន​គម្រោង​ដាក់បញ្ចូល​តាម Online platform ជាច្រើន​នៅ​អន្តរជាតិ ដើម្បី​ពង្រីក​ទីផ្សារ​ភាពយន្ត​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​ពេលបច្ចុប្បន្ន​។​

Share.