កាល​ពី​ថ្ងៃ​ទី​២​ខែ​មិថុនា​ មហាជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ព្រោះ​បាន​ឃើញ​អតីត​ភរិយា​លោក​ ឌួង ឆាយ គឺ​អ្នក​នាង​ ដេត ម៉ាលីណា​ ធ្វើ​ដំណើរ​ចេញ​ពី​សាលា​ដំបូង​រាជធានីភ្នំពេញ​ ​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​ថា​អាច​នឹង​មាន​ពាក់ព័ន្ធ​នឹង​លោក​ ឌួង​ ឆាយ​។ ខណៈ​លោក​ ឌួង​ ឆាយ​មិន​ទុក​ឱ្យ​មហាជន​សង្ស័យ​យូរ​កាល​ពី​រាត្រី​ម្សិលមិញ​នេះ​ (៤ មិថុនា​) ​ផេក​ផ្លូវ​ការ​របស់​លោក​បាន​មក​បញ្ជាក់​ការ​ពិត​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ហើយ​។​

អតីត​ឧកញ៉ា​ដ៏​ល្បី​និង​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​បាន​ចេញ​មក​ Share នូវ​ដំណឹង​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ព្រម​ជាមួយ​សំណេរ​ដែល​ធ្វើ​ឱ្យ​មហាជន​ជ្រាប​កាន់​តែ​ច្បាស់​ថា​ដំណឹង​ប្ដឹង​លោក​ ឌួង ឆាយ​ ពី​សំណាក់​អតីត​ភរិយា​គឺ​ជា​ការ​ពិត​៖«​អរគុណ​ចំពោះ​ការ​បន្ត​ប្ដឹង​ខ្ញុំ​ ទាំង​ដែល​ខ្ញុំ​សូម​បញ្ចប់​ មនុស្ស​មិន​គោរព​សម្ដី​គ្មាន​ថ្ងៃ​ដឹង​កំហុស​ខ្លួន​ឯង​បាន​ធ្វើ​ដាក់​អ្នក​ដទៃ​»

តាម​រយៈ​សំណេរ​ខ្លី​ខាង​លើ​នេះ​មាន​ន័យ​គ្រប់គ្រាន់​ឱ្យ​មហាជន​សន្និដ្ឋាន​បាន​ថា​រឿង​ដែល​មាន​អ្នក​ឃើញ​អ្នក​នាង​ ដេត ម៉ាលីណា​ចូល​សាលាដំបូង​គឺ​ជា​រឿង​ពិត​។

សូម​រំលឹក​ឡើង​វិញ​ថា​ រឿងរ៉ាវ​ទំនាស់​ផ្ទៃ​ក្នុង​គ្រួសារ​រវាង​លោក​ ដួង​ ឆាយ​និង​អ្នក​នាង​ដេត ម៉ាលីណា​ដែល​ល្បី​​ខ្ចរខ្ចាយ​កក្រើក​ក្រុង​កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០២០​ ពាក់ព័ន្ធ​នឹង​ការ​លែងលះ​ព្រម​ទាំង​អំពើ​ហិង្សា​នោះ នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នោះ​ទេ​ ព្រោះ​អតីត​ភរិយា​លោក​ ឌួង ឆាយ​បាន​បន្ត​ប្ដឹង​លោក​ពី​បទ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូបរាង​កាយ​ ព្រោះ​មាន​មនុស្ស​ប្រទះ​ឃើញ​អ្នក​នាង​បាន​ឡើង​តុលាការ​តាម​ដីកា​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

កន្លង​មក​ធ្លាប់​មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​ជុំ​វិញ​រឿងរ៉ាវ​របស់​អ្នក​ទាំង​ពីរ​ថា​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ ដោយ​ភាគី​លោក​ ឌួង ឆាយ​សុខ​ចិត្ត​អហោសិកម្ម​ និង​ចុះចេញ​ពី​ផ្ទះ​ ព្រម​ជាមួយ​នឹង​បំណុលធនាគារ​ជាង​៣​លាន​ដុល្លារ​។​

ជុំវិញ​ករណី​ខាង​លើ​នេះ​ គឺ​ជា​ការ​លើក​ឡើង​ពី​ភាគី​របស់​លោក​ ឌួង ឆាយ​ ខណៈ​ភាគី​អ្នកនាង​ ដេត ម៉ាលីណា ​មិន​ទាន់​ចេញ​សកម្មភាព​ឬ​ធ្វើ​ការ​បកស្រាយ​តបត​ចំពោះ​ការ​ចុះ​ផ្សាយ​​ព័ត៌មាន​ខាង​លើ​ ក៏​ដូច​ជា​ការ​លើក​ឡើង​ របស់​ លោក​ ឌួង ឆាយ​នៅ​ឡើយ​ទេ​៕​

Telegram-Troryorng
Share.