ថ្មីៗនេះ គេបានឃើញតាមបង្ហោះរបស់នាយ ពែកមី ស្ដែងឱ្យដឹងថា លោកនិងអ្នកនាង​ គីម លីហ្សា បានចាប់ដៃគូគ្នាក្នុងការសម្ដែងកំប្លែងផ្ទះលេខ២​ជាវណ្ណកម្មថ្មី ដោយអ្នកនាង គីម លីហ្សា សម្ដែងជាតួអង្គប្រពន្ធរបស់លោក។ បើតាមសម្ដីរបស់លោក ពែកមី បានឱ្យដឹងថា ការសម្ដែងនេះនៅមិនទាន់ច្បាស់ពីការចាក់បញ្ចាំងនោះទេ ខុសគ្នាពីកាលកន្លងមក ដែលមហាជនធ្លាប់តែឃើញលោកសម្ដែងតាមរយៈនៅលើកញ្ចក់ទូរទស្សន៍។

នាយ ពែកមី បានបង្ហោះរូបភាពភ្ជាប់ជាមួយអ្នកនាង គីម លីហ្សា ដោយរៀបរាប់ប្រាប់មហាជនថា ៖ «សភាពការណ៍ប្រែប្រួល​ ត្រូវដូរប្រពន្ធជាបន្តរបន្ទាប់​ 😇 ប្រពន្ធថ្មីផ្ទះលេខ2​ ❤️ មិនដឹងចាក់នៅប៉ុស្ដិ៍ណាទេ​ ត្រៀម! ត្រៀម​! បងប្អូន​ 😁 ផ្អែម!  អូនចូលចិត្ត​ 😁 »។ បើតាមមតិមហាជនបានចូលវែកញែកថា បើខាងទូរទស្សន៍អស់ផ្លូវក្នុងការចាក់បញ្ចាំងទៅហើយនោះ សម័យនេះគឺគេមើលតាមរយៈអនឡាញន៍។

ងាកមកដឹងពី អ្នកនាង គីម លីហ្សា វិញ បានប្រាប់អ្នកសារព័ត៌មានថា ការសម្ដែងរបស់អ្នកនាងជាមួយលោក ពែកមី គឺជាការផ្ដល់ឱកាសពីលោក វ៉ិចទ័រ ដែលជាអ្នកដឹកនាំសម្ដែង។ អ្នកនាង បានឆ្លៀតឱកាស ដកដៃពីការរកស៊ីត្រឹមរយៈពេលខ្លីៗតែប៉ុណ្ណោះ ដើម្បីវិលមករកការសម្ដែងខ្លះ ព្រោះមិនចង់ឱ្យបាត់មុខពីសិល្បៈយូរពេកតែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកនាង  គីម លីហ្សា ក៏បានអះអាងដែរថា ការសម្ដែងជាមួយលោក ពែកមី អ្នកនាងរំពឹងថាអាចសាងប្រជាប្រិយភាពបានមួយកម្រិតវិញ ព្រោះថា នៅពេលនេះមហាជនចាប់ផ្ដើមចាប់អារម្មណ៍ចំពោះការសម្ដែងរបស់អ្នកនាង និងបានហៅអ្នកនាងនៅលើបណ្ដាញសង្គមថា ជាប្រពន្ធពូពែកមី ពេញៗមាត់។ ដោយឡែក ចំពោះវិស័យភាពយន្តខ្នាតធំ និងរឿងភាគវិញ ក៏មានផលិតករទាក់ទងមកអ្នកនាងច្រើនដែរ ប៉ុន្តែអ្នកនាងសុំមិនទាន់បើកទទួលទេ ដោយសារតែអ្នកនាងមិនសូវមានពេលទំនេរច្រើន។ អ្នកនាងសន្យាថា នឹងវិលមកសម្ដែងភាពយន្តនៅថ្ងៃណាមួយ៕

Share.