កន្លងមកនេះ តាមរយៈភាពយន្តថៃ«បុព្វេ​សន្និវាស​២​» ដែលបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តកម្ពុជា បង្កឱ្យមានមតិប្រតិកម្មជាច្រើន បានផ្ទុះឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លះបានលើកឡើងថា ភាពយន្តថៃមួយនេះ ជាការសាបព្រោះឥទ្ធិពលវប្បធម៌ថៃមកលើកម្ពុជា និងខ្លះទៀតលើកឡើងថា ភាពយន្តនេះមានចំណុច បំពានលើប្រវត្តិសាស្ត្រ ជាក់ស្ដែងដូចជាបង្ហាញផែនទីប្រវត្តិសាស្ត្រក្លែងក្លាយជាដើម។

បើទោះបីជាមានប្រតិកម្មចំពោះភាពយន្តថៃមួយនេះយ៉ាងណាក៏ដោយ ប៉ុន្តែគេមើលឃើញថា សន្ទុះនៃការគាំទ្រចំពោះការសម្តែងរបស់តារាថៃ និងសាច់រឿងបែបឆ្លងភពនេះ នៅតែមានអ្នកទស្សនាណែនពេញរោងភាពយន្តនៅកម្ពុជា។ រហូតដល់ថ្មីៗនេះ លេចឡើងនៅការគាំទ្របែបថតរូបភាពឱ្យដូចទៅនឹងភាពយន្តមួយនេះផងដែរ។

តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា HD PhotoStudio គេមើលឃើញថា មានតារាខ្មែរដែលមានប្រជាប្រិយភាពពីរដួង បានបង្ហាញការថតតែងបែបបុរាណឱ្យដូចជាមួយនឹងរូបភាពតួអង្គក្នុងភាពយន្តថៃ​ «បុព្វេ​សន្និវាស​២​»។ ការថតរូបភាពបែបនេះ បានធ្វើ​ឱ្យអ្នកគាំទ្រ និងស្រឡាញ់វប្បធម៌ខ្មែរ ចេញមតិប្រតិកម្មមិនចាំយូរ។

នៅលើហ្វេសប៊ុកបុរាណណាចារ្យ បានប្រតិកម្មថា ៖ «Thailand soft Power❤️ ស្របតាមគោលនយោបាយនៃរដ្ឋាភិបាលថៃ ដែលជំរុញ soft Power ប្រទេសខ្លួនទៅកាន់ពិភពលោក»

រីឯហ្វេសប៊ុកមណ្ឌុលវប្បធម៌វិញ ក៏បានលើកជាមតិប្រតិកម្មដែរថា ៖ « អ្នកលេងរឿងវប្បធម៌និងអ្នកស្នេហាជាតិខ្មែរឃើញហើយក្អួតឈាម ! នេះបានចំជាគេដៀលមិនចេះឈឺនៅថតតម្រាប់តាមគេទៀត ! »។

ក្រៅពីនេះក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ទៀត ចូលមកវែកញែកដោយខ្លះប្រើសម្ដីធ្ងន់ៗ និងចំៗ៖

ក្រោយផ្ទុះcomment ប្រតិកម្មយ៉ាងភ្លូកទឹកភ្លូកដីហើយនោះ ហ្វេសប៊ុកផេក HD PhotoStudio ក៏សម្រេចលុបរូបភាពទាំងអស់នោះចោលវិញ ជាចេតនាមិនចង់ឱ្យមានប្រតិកម្មកើតឡើងបន្តទៀត។ ចុះអ្នកវិញយល់យ៉ាងណាចំពោះបញ្ហានេះ? យើងនឹងរង់ចាំការបកស្រាយបំភ្លឺចេញសាមីផេកខាងលើនេះបន្តទៀត៕

Share.