កីឡាករ​ខ្សែ​ប្រយុទ្ធ Erling Haaland បាន​ដើរតួរ​យ៉ាងល្អក្នុងតួនាទីថ្មីរបស់គេ​នៅ​តំបន់​​ប្រយុទ្ធរបស់ Manchester City ប៉ុន្តែក្លិបនៅ Premier League មួយ​នេះ​មិន​អាច​ពឹង​ផ្អែក​លើ​កីឡាករ​រូប​នេះ​តែ​ម្នាក់ ដើម្បី​ឈ្នះ​ពានរង្វាន់ UEFA Champions League បានទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកចាត់ការ​ Pep Guardiola លើក​ឡើង​ក្នុង​​ពី​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ។

«បើ​យើង​ពឹងផ្អែក​តែ​លើ Haaland តែ​ម្នាក់​នោះ​យើង​មិន​អាច​​ឈ្នះ​ពានរង្វាន់ Champion League នោះ​ទេ។ តែ​យើង​បាន​បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន​ដល់​គាត់ ក្នុង​ការ​រទាត់​បញ្ជូល​ទី។ កាល​ដែល​យើង​នាំ​គាត់​មក​ចូលរួម​ក្នុង​ក្រុម​នោះ​ដោយសារ​តែ​យើង​ខ្វះ​ខ្សែ​ប្រយុទ្ធ»។ បុរស​ជនជាតិ​អេស្ប៉ាញ ដែល​ជា​អ្នកចាត់ការ​ក្រុម Man City បញ្ជាក់។

ខ្សែប្រយុទ្ធសញ្ជាតិន័រវេស មានវ័យ ២២ឆ្នាំ Haaland បាន​ចាកចេញ​ពី​ក្រុម​ Borussia Dortmund ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អាល្លឺម៉ង់ ចូលរួមជាមួយ Man City នៅ​ដើម​រដូវកាល​ថ្មី​នេះ ព្រម​ទាំង​ស៊ុត​បញ្ចូលទី​បាន១០​គ្រាប់​ក្នុង​ក្នុង​ចំណោម​​៦​ប្រកួត​បើក​រដូវកាល។ ក្នុង​​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់ Champion League នៅ​រាត្រី​ថ្ងៃ​ពុធ នេះ​រូប​គេ​រក​គ្រាប់​បាល់​បន្ថែម​២គ្រាប់ ក្នុង​ជ័យជម្នះ​របស់ Man City ឈ្នះ​លើ​Sevilla ដោយ​លទ្ធផល​៤ទល់០។

មុន​មក​ដល់ Man City កីឡាករ​រូប​នេះក៏​ស៊ុត​បញ្ចូលទី​ចំនួន​២៣គ្រាប់​ម្នាក់​ឯង​ ក្នុង​ក្របខ័ណ្ឌ Champions League រួចរាល់​ហើយ ខណៈ​រូប​គេ​ក៏​ជា​ Top Score នៅ​រដូវកាល២០២០-២០២១ ផង​ដែរ​ក្នុង​ពានរង្វាន់​ទ្វីប​អឺរ៉ុប មួយ​នេះ។

ក្រុម​បាល់ទាត់ Manchester City មិន​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់ Champions League ម្តង​ណា​ឡើយ បើ​ទោះ​ជា​ម្ចាស់​ក្លិប​ប្រាក់​ពាន់​លានKhaldoon Al Mubarak បើក​ខ្ទង់​ចំណាយ​ឱ្យ​លោក Pep Guardiola នាំ​យក​តារា​ឆ្នើមៗ​មក​រួម​ក្រុម​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​ដោយ។ តែ​ក្រុម​នេះ​ធ្លាប់បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្តង​នៅ​ឆ្នាំ២០២០-​២០២១ កន្លង​ទៅ តែ​បាន​ត្រឹម​ជើង​ឯក​រង​ក្រោយ​ចាញ់ Chelsea ដោយ​លទ្ធផល​ ១ទល់០៕

Share.