នៅពេលមុននេះបន្តិច សារព័ត៌មានបរទេសបានចេញផ្សាយឱ្យដឹងថា ក្រុមការងាររៀបចំការប្រគំតន្ត្រី WORLD TOUR របស់តារាចម្រៀង Justin Bieber បានប្រកាសលុបចោលការប្រគំតន្រ្តីម្ដងទៀតជាបន្ទាន់ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានឆ្លងវីរ៉ុសបណ្ដាលឱ្យអាការៈជំងឺខ្វិនមុខរើឡើងវិញ ដែលចាំបាច់ឱ្យលោកត្រូវការសម្រាកព្យាបាលថែទាំខ្លួន ដើម្បីវិលមកធ្វើការប្រគំតន្ត្រីឡើងវិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមការងារលោក Justin Bieber បានលើកឡើងថា បន្ទាប់ពីអាការៈជំងឺខ្វិនមុខ ឬ Ramsay-Hunt Syndrome ធូរស្រាលបន្តិចហើយនោះ តារាចម្រៀងប្រុសរូបនេះបានចេញសម្ដែងនៅក្នុងការប្រគំន្ត្រីផ្សាយផ្ទាល់បានចំនួន 6 Show មកហើយ ដែលកាលពីសប្ដាហ៍មុននេះ លោកបានសម្ដែងនៅឯ Rock in Rio ក្នុងប្រទេសប្រេស៊ីល។ បន្ទាប់​ពី​ចុះ​ពីលើ​ឆាក​មក លោកផ្ដើមមានភាព​នឿយ​ហត់​ ហើយលោកចាប់ផ្ដើមដឹងថា អាការៈជំងឺរបស់លោកបានរើឡើងវិញនៅពេលនោះ។ គ្រូពេទ្យបានអះអាងឱ្យ Justin Bieber ផ្អាកការសម្ដែងមួយរយៈសិន ដើម្បីឱ្យស្ថានភាពរាងកាយរបស់លោកមានសភាពប្រក្រតីឡើងវិញ។ Justin បានបន្តថា នៅពេលនេះលោកមិនអីនោះទេ ហើយលោកពិតជាអរគុណសម្រាប់ការបួងសួងរបស់អ្នកគាំទ្រ លោកពិតជាស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង!។

គួររំលឹកដែរថា ជំងឺខ្វិនមុខ  ឬ Ramsay-Hunt Syndrome បានវាយប្រហារទៅលើសរសៃប្រសាទ ត្រចៀក ក៏ដូចជាផ្ទៃមុខរបស់តារាចម្រៀង Justin Bieber រហូតធ្វើឱ្យលោកកើតអាការៈខ្វិនមុខខាងស្តាំមួយចំហៀង មិនអាចកម្រើកបានឡើយ។ ក្រោយប្រកាសថាខ្លួនមានជំងឺចម្លែកមកនេះហើយ ១ខែក្រោយមក ទើបគេឃើញតារាចម្រៀងប្រុសរូបនេះលេចមុខមកជួបនឹងភរិយានៅកន្លែងសាធារណៈ។  Justin ថាលោកត្រូវការពេលវេលាព្យាបាល ហើយរំពឹងថាអ្នកគាំទ្រនឹងមានការយោគយល់ដល់រូបលោក។

Share.