កៀកមកដល់រដូវកាលពិធីបុណ្យភ្ជុំបិណ្ឌ គេមើលឃើញថា ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា បានសម្រុកថតបទច្រៀងជាចង្វាក់រាំប្រពៃណីជាច្រើនបទដែលមានទ្រង់ទ្រាយធំ។

ជាពិសេស ក្រុមការងាររបស់ផលិតកម្មមួយនេះ ក៏បានរៀបចំឈុតសំលៀកបំពាក់ប្រពៃណីជាតិខ្មែរដែលគ្រងលើយុវតីជាង ៥០០នាក់ មកចូលរួមថតនៅក្នុង MV ទាំងនោះ។ គេមើលឃើញពិតជាស្រស់ស្អាតគ្មានកន្លែងទាស់ ដែលមិនសសើរគឺមិនបានសម្រាប់ស្នាដៃកូនខ្មែរមួយក្នុងការជួយលើកស្ទួយសិល្បៈខ្មែរ និងវប្បធម៌ជាតិឱ្យកាន់ល្បីសុះសាយកាន់តែខ្លាំងបន្ថែមទៀត។

ថ្មីៗនេះ បទ«ក្រមុំ Grade A » ជាការបកស្រាយដោយ ខេម រួមគ្នាជាមួយកញ្ញា តន់ ចន្ទសីម៉ា ទើបតែបញ្ចេញមិនទាន់បានប៉ុន្មានម៉ោងនោះទេ ស្រាប់តែមានមតិវែកញែកជាច្រើនបានផ្ទុះឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក រហូតក្លាយជាប្រធាបទមួយដ៏ក្ដៅគគុក។ ដោយឡែក មតិខ្លះបានលើកសរសើរថា ការររៀបចំថតបទចម្រៀងនោះមើលទៅអស្ចារ្យ និងគួរឱ្យសរសើរ ក្រោមហេតុផលថា ជាលើកដំបូងហើយដែលគ្រប់គ្នាបានឃើញទិដ្ឋភាពកូនខ្មែរ រាំជាក្រុមបែបនេះ មានលក្ខណៈទ្រង់ទ្រាយធំសម្បើម។

ក្រៅពីនោះ ក៏មានមតិរិះគន់បែបស្ថាបនាមួយចំនួនទៀតដោយគេលើកឡើងថា បទចម្រៀងមួយនេះនិយាយពីចង្វាក់រាំ បើទោះបីភ្លេងរន្ថើនបន្តិច តែម្ដេចក៏រាំចង្វាក់ឡាំលាវទៅវិញ? ហើយមានមតិខ្លះទៀតគេលើកឡើងថា ចង្វាក់ប្រពៃខ្មែរ គឺគេរាំមានប្រុសមានស្រីជាដៃគូហ្នឹងគ្នា បើសិនមានប្រុសមួយជួរស្រីមួយជួរ គឺរឹតតែស្អាតបន្ថែមមួយកម្រិតទៀត។

ប៉ុន្តែជាទិដ្ឋភាពរួមចំពោះការចូលរួមលើកស្ទួយចង្វាក់រាំប្រពៃណីខ្មែរតាមរយៈបទចម្រៀងរបស់ផលិតកម្ម ត្រូវបានមហាជនលើកសរសើរ និងទទូចឱ្យមានសកម្មភាពបែបនេះឱ្យកាន់តែច្រើនបន្ថែមទៀត ជាជាងការបញ្ចេញបទចម្រៀងដែលមានចង្វាក់ស្លុយដែលនាំឱ្យយុវវ័យកាន់តែភ្លើតភ្លើន។ គ្រប់គ្នាបានរំពឹងទុកថា កញ្ចប់ MV យក្សរបស់ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រានារដូវកាលភ្ជុំបិណ្ឌនេះ នឹងទទួលបានការគាំទ្រខ្លាំងវិញ ហើយកាន់តែអឹកធឹករាំសប្បាយនាឱកាសជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នឹងប្រព្រឹត្តិឡើងនៅថ្ងៃ ២៤-២៥-២៦ ខែកញ្ញា ហើយចាប់ផ្ដើមកាន់បិណ្ឌ ១ពីថ្ងៃអាទិត្យទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃទី ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦៕

Share.