តាមក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈឱ្យដឹងថា នៅក្នុងឆ្នាំនេះកម្ពុជាគឺជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្ដីពី “ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន” ដែលមានកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈអនឡាញ បានធ្វើការពិភាក្សាលើប្រធានបទសំខាន់ចំនួន ៤ មានដូចជា៖

១. ការកសាងទំនាក់ទំនងតាមរយៈការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ (Building Bridge through Repatriation)៖ ប្រធានបទនេះពិភាក្សាលើករណីការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ ដែលអាចបង្កើនទំនាក់ទំនងវប្បធម៌ និងឱកាសកែតម្រូវកំហុសពីអតីតកាល។ ផ្នែកនេះមានអ្នកជំនាញផ្នែកគ្រប់គ្រង, ផ្នែកសារមន្ទីរ និងអ្នកស្រាវជ្រាវចំនួន៤រូបពិភាក្សាគ្នាពីបទពិសោធន៍ រៀងៗខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែង នាំយកសម្បត្តិវប្បធម៌ត្រឡប់ មកវិញក្នុងតំបន់អាស៊ីអាគ្នេយ៍។

២. ការការពារសម្បត្តិវប្បធម៌ និងតំបន់រមណីយដ្ឋាន (Safeguarding Collections and Sites)៖ ប្រធានបទនេះមានវាគ្មិនចំនួន៤រូបចូលរួម ពិភាក្សាផ្តោតសំខាន់ទៅលើតំបន់អាស៊ីអាគ្នេយ៍ ដ្បិតជាកន្លែងប្រមូលផ្តុំសារមន្ទីរនានាដែលមិនអាចកាត់ថ្លៃបាន។ ជារួមក្នុងគោលបំណងឆ្លើយតបនឹងសំណួរ“តើយើងអាចការពារវត្ថុសិល្បៈពីជនទុច្ចរិត ឱ្យបានកាន់តែល្អដោយរបៀបណា?”

៣. ឱកាសសេដ្ឋកិច្ច និងផលប៉ះពាល់ទេសចរណ៍ (Economic Opportunities and the Impact of Heritage Tourism)៖ ក្នុងផ្នែកនេះ កិច្ចពិភាក្សា ផ្តោតលើការស្វែងរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ទេសចរណ៍? បេតិកភណ្ឌ?។ ក្នុងផ្នែកនេះមានការចូលរួមពីអ្នកជំនាញផ្សេងៗគ្នាចំនួន៤រូប។

៤. ការទូតវប្បធម៌ និងកិច្ចសហការអន្តរជាតិ (Cultural Diplomacy and International Cooperation)៖ ក្នុងផ្នែកនេះមានវាគ្មិនចំនួន៦រូបចូលរួម ដើម្បីពិភាក្សាគ្នាស្វែងរកវិធានការ ធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងការជួញ ដូរសម្បត្តិវប្បធម៌ខុសច្បាប់ តាមរយៈការពង្រឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សន្និសីទអន្តរជាតិនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។

Share.