ហ្វេនរឿងភាគកូរ៉េច្បាស់ជាធ្លាប់ទស្សនាសាច់រឿងប្លែកៗ តែទាក់ទាញចិត្តអ្នកទស្សនាបានជានិច្ច ជាពិសេសភាពយន្តបែបផ្អែមល្ហែមថែម Fantasy ដែលតួឯកប្រុសមិនមែន តែអាចជាបិសាចជញ្ជក់ឈាម កញ្ជ្រោងកន្ទុយ៩ ឬក៏ជាទេព្តាដែលបន្លំខ្លួនរស់ក្នុងឋានមនុស្សលោក។ និយាយរៀបរាប់ច្រើនគួរសមនៅពេលត្រយងញូវស៍សូមលើកយករឿងភាគល្បីៗចំនួន១០រឿងដែលតួឯកប្រុសមិនមែនជាមនុស្សធម្មតាដូចខាងក្រោម៖
១./ You Who Came From The Stars (២០១៣) – មនុស្សភពផ្កាយ
សម្ដែងដោយ Kim Soo Hyun និង Jun Ji Hyun។ តួឯកប្រុសជាមនុស្សភពផ្កាយដែលជាប់នៅក្នុងឋានមនុស្សលោកចំនួន២០០ឆ្នាំ ហើយរង់ចាំពេលវេលាត្រលប់ទៅកាន់ពិភពរបស់ខ្លួនវិញ។ ក្នុងខណៈពេលរង់ចាំនោះគេបានជួបជាមួយនឹងកំពូលតារាសម្ដែងល្បីប្រចាំប្រទេសកូរ៉េហើយបានជួបពាក់ព័ន្ធនឹងរឿងក្ដីឃាតកម្ម។

២./ W- Two Worlds (២០១៦) – តុក្កតា
សម្ដែងដោយ Lee Jong Suk និង Han Hyo Joo។ តួឯកប្រុសជាអតីតកីឡករបាញ់កាំភ្លើងដែលមានរឿងបង្កប់ក្នុងចិត្ត ហើយបានប្រែក្លាយខ្លួនមកជាអ្នកជំនួញ នៅពេលបានជួបជាមួយតួឯកស្រីដែលជាពេទ្យស្ដារ ក៏កើតមានហេតុការណ៍ប្លែកៗជុំវិញខ្លួនរបស់គេ រហូតធ្វើឱ្យគេដឹងថាតួស្រីមកពិភពមួយផ្សេង ចំណែកខ្លួនគេគឺជាតួឯកនៅក្នុង Webtoon រឿងល្បីមួយដែលត្រូវមានជីវិតទៅតាមការសរសេររបស់អ្នកនិពន្ធ ដូច្នេះគេចាប់ផ្ដើមព្យាយាមប្រើជីវិតឯករាជ្យមិនទៅតាមការបញ្ជារបស់អ្នកណា។

៣./ A Korean Odyssey (២០១៧)
សម្ដែងដោយ Lee Seung Gi ,Cha Seung Woon និង Oh Yeon Seo។ រឿងនិទានទៅចម្លងធម៌នៅទិសខាងលិចតាមបែបកូរ៉េ។ ស៊ុន អ៊ូខុងត្រូវនិរទេសឱ្យចុះពីឋានសួគ៌មកនៅពិភពមនុស្ស បានជួបជាមួយនឹងតួឯកស្រីដែលមានសមត្ថភាពអាចមើលឃើញបិសាច។

៤./ Guardian: The Lonely And Great God (២០១៧) – យមទូត
សម្ដែងដោយ Gong Yoo, Kim Go Eun, និង Lee Dong Wook។ Goblin ជាយមទូតជាអ្នកចាប់ដួងវិញ្ញាណ ជាមនុស្សដែលមិនមានថ្ងៃស្លាប់។ គេបានព្យាយាមស្វែងរកកូនក្រមុំរបស់គេមនុស្សស្រីម្នាក់នោះអាចមើលឃើញដាវនៅជាប់នៅកណ្ដាលខ្លួនរបស់គេ ហើយឱ្យនាងជួយដកដាវនោះចេញពីខ្លួនរបស់គេដើម្បីគេអាចរួចផុតពីបណ្ដាសារជាមនុស្សអមតៈគ្មានថ្ងៃស្លាប់បាន។

៥./ Are You A Human ? (២០១៨) – មនុស្សយន្ត AI
សម្ដែងដោយ Seo Kang Joon និង Gong Seung Yeon។ កូនប្រុសរបស់មហាសេដ្ឋីក្លាយជាមនុស្សរុក្ខជាតិដោយសារតែឧប្បត្តិហេតុ ម្ដាយរបស់គេដែលជាអ្នកវិទ្យាសាស្ត្របានផលិតមនុស្សយន្តដែលមានរូបរាងដូចជាកូនប្រុសខ្លួន ហើយឱ្យគេប្រើប្រាស់ជីវិតជាកូនរបស់ខ្លួនដោយមានតួឯកស្រីជាអង្គរក្ស។

៦./ Angel’s Last Mission (២០១៩)- ទេព្តា
សម្ដែងដោយ Shin Hye Sun និង Kim Myung Soo ។ តួឯកប្រុសជាទេព្តាដែលទទួលបានភារកិច្ចចុងក្រោយមុនឡើងទៅកាន់ឋានសួគ៌វិញ ដោយត្រូវធ្វើយ៉ាងណាក៏ដោយធ្វើឱ្យតួឯកស្រីដែលបិទបេះដូងនិងមនោសញ្ចេតនាក្រោយពីពិការលែងមើលអ្វីឃើញដោយសារតែឧប្បត្តិហេតុ និងមិនអាចរាំរបាំ Ballet ដូចមុន ត្រលប់មកបើកចិត្តនិងមានស្នេហាម្ដងទៀត ប៉ុន្តែរឿងប្រែជាក្រឡាប់ចាក់នៅពេលដែលទេព្តាស្រាប់តែលង់ស្នេហ៍មនុស្សដែលខ្លួនត្រូវជួយ។

៧./ Meow, the Secret Boy (២០២០)- តួឯកប្រុសជាសត្វឆ្មា
សម្ដែងដោយ Kim Myung Soo និង Shin Ye Eun។ តួឯកប្រុសជាសត្វឆ្មាដែលមិត្តភក្ដិរបស់តួស្រីផ្ញើឱ្យជួយចិញ្ចឹម ប៉ុន្តែហេតុការណ៍ចម្លែកបានកើតឡើង ឆ្មាបានក្លាយជាមនុស្សនៅពេលដែលមកនៅជាមួយតួឯកស្រី។

៨. Zombie Detective (២០២០) – ខ្មោចហ្សមប៊ី
សម្ដែងដោយ Choi Jin Hyuk និង Park Joo Hyun។ តួឯកប្រុសដឹងខ្លួនឡើងវិញហើយដឹងថាខ្លួនឯងគឺជាខ្មោចហ្សមប៊ី ដូច្នេះគេបានបន្លំខ្លួនជាប៉ូលិសស៊ើបអង្កេតដែលបានបាត់បង់ជីវិត ដើម្បីតាមស៊ើបពីមូលហេតុស្លាប់របស់ខ្លួន ហើយបានជួបជាមួយតួឯកស្រីដែលមកធ្វើការជាកូនចៅរបស់គេ។

៩. My Roommate is A Gumiho (២០២១)- កញ្ជ្រោងកន្ទុយ៩
សម្ដែងដោយ Jang Ki Yong និង Hyeri ។ កញ្ជ្រោងកន្ទុយ៩ដែលនឹងក្លាយជាមនុស្សពេញបរិបូរនៅពេលដែលដួងកែវរបស់គេប្រែជាពណ៌ខៀវ បែរជាជួបហេតុការណ៍ចៃដន្យធ្វើឱ្យតួស្រីលេបដួងកែវចូលក្នុងពោះ ព្រោះហេតុការណ៍នេះតួស្រីត្រូវមករស់នៅក្នុងផ្ទះតួប្រុស ដើម្បីរកវិធីយកដួងកែវពីតួស្រីមកឱ្យតួប្រុសវិញ

១០. Doom At Your Service (២០២១) – អាទិទេពអន្តរាយ
សម្ដែងដោយ Seo In Guk និង Park Bo Young។ តួស្រីដែលមានជីវិតជួបតែទុក្ខសោកហើយមានជំងឺមិនអាចរស់នៅលើពិភពលោកនេះបានត្រឹម១០០ថ្ងៃទៀត បានស្រែកសូមឱ្យពិភពលោករលាយ ស្រាប់តែពេលនោះអាទិទេពអន្តរាយបានបង្ហាញខ្លួន ដើម្បីធ្វើកិច្ចសន្យាជាមួយតួស្រី ដោយសន្យាថាពេលតួស្រីស្រាប់នឹងមិនមានការឈឺចាប់នោះទេ តែមុនស្លាប់តួស្រីត្រូវសុំពរពីខ្លួនឱ្យពិភពលោកវិនាស តែបើតួស្រីមិនធ្វើតាមសន្យា មនុស្សដែលតួស្រីស្រលាញ់នឹងស្លាប់បាត់បង់ជីវិត ព្រោះតែបែបនេះតួស្រីបានព្យាយាមស្រលាញ់តួឯកប្រុសដើម្បីមិនចង់បាត់បង់មនុស្សដែលខ្លួនស្រលាញ់ក្នុងជីវិត។

