
ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះលើក្រុម អាយ.អេស.អាយ ដង្កោសែនជ័យ ដោយលទ្ធផល ៥ទល់០ ក្នុងប្រកួតបើកឆាកពូល A នៃពានរង្វាន់បាល់ទាត់ League Cup 2021 By Forward Sportswear លើទីលានកីឡដ្ឋាន Smart RSN Stadium នៅល្ងាចថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១។
៥គ្រាប់របស់ក្រុមភ្នំពេញក្រោន រកបានដោយកីឡាករជនជាតិអ៊ុយក្រែន Valeriy Hryshyn នៅនាទីទី៩ ហើយកីឡាករជប៉ុន Takaki Ose រកបានគ្រាប់ទី២នៅនាទី២៥។ ចូលដល់តង់ទី២កីឡាករ ជួន ចិនចាវ រកគ្រាប់បាល់ទី៣ឱ្យក្រុមនៅនាទី៥៩ រហូតដល់នាទី៦៨ កីឡាករជនជាតិ Andres Nieto បន្ថែមគ្រាប់ទី៤ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ ប្រាក់ ធីវ៉ា នៅនាទី៧០។
អត្ថបទពាក់ព័ន្ធ៖វិសាខា អះអាងថាទទួលបាន៣ពិន្ទុ ពីបឹងកេត ក្នុងពាន League Cup 2021 By Forward
សម្រាប់ប្រកួតនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១ ជាវគ្គជម្រុះពូល B ដោយក្រុមខេត្តព្រៃវែង ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នៅវេលាម៉ោង៣:៣០នាទីរសៀល លើទីលានកីឡដ្ឋានវិទ្យាស្ថានអប់រំកាយនិងកីឡា ក្បែរហ្រ្គេនភ្នំពេញ ព្រមទាំងមានផ្សាយផ្ទាល់លើហ្វេសប៊ុក Troryorng News ផងដែរ។ ចំណែក១គូទៀតរវាងព្រះខ័នរាជស្វាយរៀង ជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវបានលុបចោល ដោយសារគ្រូអ្នកចាំទីក្រុមយុវជនបាទី មានវិជ្ជមានកូវីដ-១៩៕
រូបថត៖CNCC
