ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ កៀបជាប់ក្នុងម៉ូតូកង់បី បន្ទាប់ពីបើកលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ក្នុងដំណើរស្របទិស  កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរថយន្តបើករត់បានចម្ងាយជិត ៣គីឡូម៉ែត្រ ទើបសមត្ថកិច្ចឃាត់បាន ត្រង់ចំណុចមុខសាលាកងរាជអាវុធហត្ថ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IA-8238 បើកដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត បើកបោះពួយល្បឿនលឿន ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បុកពីក្រោយរថយន្តកុងតឺន័រ ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6802 អូសសណ្តោង សឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0260 របស់ក្រុមហ៊ុនផែស្ងួត សុកន  បណ្តាលឲ្យម៉ូតូកង់បីកាច់បាក់រួញរបួសមនុស្ស២នាក់ធ្ងន់ជាប់ក្នុងកង់បី បាក់ដៃនិងបាក់ជើង ហើយរថយន្តដឹងសភាពមិនស្រួល បើករត់បានចម្ងាយ ២៨០០ម៉ែត្រ ទើបសមត្ថកិច្ចចាប់ឃាត់បាន នៅចំណុចមុខសាលាកងរាជអាវុធហត្ថ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល តែអ្នកបើកបររថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ខណៈដែលជនរងគ្រោះរបួសធ្ងន់ជាប់ក្នុងកង់បី ត្រូវបានកម្លាំងសមត្ថកិច្ច កម្លាំងសង្គ្រោះរបស់អង្គភាពរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ទាញបង្ហើបយកជនរងគ្រោះចេញ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូកង់បី ប្រគល់ឲ្យទៅខាងការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.