ការបើកឲ្យប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឡើងវិញនៅឆ្នាំនេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យនៃគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ថ្វីបើជោគជ័យលើការចាក់វ៉ាក់សាំង និងការឆ្លងតិចក្ដី ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវគ្រប់វត្តអារាមទាំងអស់បន្ដគោរពច្បាប់សុវត្ថិភាពសុខភាព នៅអំឡុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

យោងតាមសារសំឡេងពិសេសមួយ ​ដែល​បាន​ចាក់ផ្សាយកាល​ពី​ថ្ងៃ​ចន្ទ ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកថា កាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍យើងអាចប្រារព្ធបានតែថ្ងៃទី១ ទី២ និងផ្នែកខ្លះនៃថ្ងៃទី៣ នៃពិធីបុណ្យកាន់បិណ្ឌ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី​៤ ការ​ប្រមូល​ផ្តុំ​ត្រូវ​បាន​ហាម​ឃាត់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត។

បើទោះជាមានការឆ្លងជំងឺកូវីដ-១៩ តិចតួចកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់វត្តអារាមទាំងអស់ គោរពច្បាប់សុវត្ថិភាពសុខភាព និងសូមឲ្យបងប្អូនជនរួមជាតិ ប្រកាន់ខ្ជាប់នូវវិធានការបីការពារ បីកុំ និងត្រូវទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត។ សម្ដេចបន្ដថា ឆ្នាំនេះ នឹងមិនមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់រថយន្តតាក់ស៊ី កុំដំឡើងថ្លៃឈ្នួលក្នុងពិធីបុណ្យ និងស្នើឱ្យសាលារាជធានីភ្នំពេញ ពិចារណាផ្តល់មធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដូចកាលពីឆ្នាំមុនការរីករាលដាលនៃមេរោគកូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃចន្ទនេះ កម្ពុជាបានចុះបញ្ជីករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៩ប៉ុណ្ណោះ ។ ដូច្នេះចំនួនករណីសរុបមាន ១៣៧,៧១៩ ។ ក្នុងចំណោមករណីសរុប មាន១៣៤.៥៩០ បានជាសះស្បើយ ខណៈ ៣.០៥៦ នាក់បានបាត់បង់ជីវិត។

ប្រទេសកម្ពុជាបានចាប់ផ្តើមប្រារព្ធពិធីបុណ្យកាន់បិណ្ឌចាប់ពីថ្ងៃទី១១ ខែកញ្ញា ដែលមានរយៈពេលពីរសប្តាហ៍ ដែលជាផ្នែកមួយនៃពិធីបុណ្យ “ភ្ជុំបិណ្ឌ” ឬពិធីបុណ្យសម្រាប់ឧទិស្ទជូនជីដូនជីតាដែលបានចែកឋានដែលជាពិធីបុណ្យដ៏ធំបំផុតមួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យធំ​​នឹងប្រព្រឹត្តិទៅនៅចំថ្ងៃទី១៥​​នៃពិធីកាន់បិណ្ឌ ត្រូវនឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ។ ប្រភព៖ AKP

Share.