សម្ដេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក នឹងប្រែមុខមាត់ពីតំបន់ជនបទ មកជាភូមិអភិវឌ្ឍ។ ការលើកឡើងនេះក្រោយពីមានប្រជាពលរដ្ឋស្ម័គ្រចិត្តបានរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋាន​អង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង​របស់អាជ្ញាធរ​ជាតិអប្សរា មកទីតាំងថ្មីដែលរាជរដ្ឋាភិបាល​បាន​ផ្ដល់ដីជូនប្រជាពលរដ្ឋជាថ្នូរ នៅភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១៣ ខែកញ្ញា ២០២២។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន ចេញពីតំបន់​រមណីយដ្ឋាន​អង្គរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមានការតទឹក តភ្លើងរដ្ឋ ចូលទៅកាន់ភូមិទើបង្កើតថ្មី រួមទាំងបាន​អំពាវនាវ​ឲ្យ​ធនាគារ​ផ្ដល់ប្រាក់កម្ចី​ក្នុងអត្រាការប្រាក់ទាប​ជាង​អ្នកដទៃ ដល់បងប្អូនប្រជាពលរដ្ឋ​រស់នៅភូមិរុនតាឯក។​ ទន្ទឹមនឹងនេះ សម្ដេចបាន​សម្រចចិត្ត​​ឲ្យសាងសង់​បង្គន់អនាម័យ​គ្រប់ក្រុមគ្រួសារ​ ក្នុង១គ្រួសារ​២០ម៉ឺនរៀល ជាផ្នែកមួយ​នៃការគាំពារ​សុខភាព​ និង​អនាម័យ។​

សម្ដេចតេជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​មានការផ្ដល់ភាពកក់ក្ដៅ​ដល់ប្រជាពលរដ្ឋ​នៅរុនតាឯក ដូចជាការ​ផ្ដល់​បណ្ណភាពក្រីក្រ និង​ឧបត្ថម្ភសាច់ប្រាក់អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ផ្អែកតាមការចុះផ្សាយរបស់ Fresh News បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។

ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូបខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន ៣២២តូប ក្នុងនោះស្ថិតនៅចំណុចទីតាំងមុខប្រាសាទបន្ទាយក្តីចំនួន ៣៤តូប, ចំណុចទីតាំងស្រះស្រង់ខាងត្បូងចំនួន ១៨៦តូប, ចំណុចទីតាំងភូមិទក្សិណខាងត្បូងចំនួន ៧៩តូប និងចំណុចទីតាំងខាងត្បូងកស្សិណអង្គរចំនួន ២៣តូប។ ក្រុមការងារ បានដាំកូនឈើឡើងវិញលើទីតាំងដីដែលបានរុះរើតូប បានចំនួនប្រមាណ ២ពាន់ដើម។ ក្រុមការងារ បានបង្ហោះដ្រូនថតរូបភាពពីលើអាកាស និងផលិតផែនទីរូបថតតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើផ្ទៃដីទំហំ ៤០,១១៨ហិកតា។

ទន្ទឹមនឹងការងារការវាស់វែងកំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះហើយនោះ ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ចែងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិធម្មជាតិរុនតាឯកផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីលើអគារសិក្សា និងផ្លូវគ្រួសក្រហមចំនួន ៤៥ខ្សែ ដែលបានសាងសង់រួចហើយនោះ ក្រុមការងារកំពុងសិក្សាគម្រោងសាងសង់ផ្សារចំនួន ៨ខ្នង, មណ្ឌលសុខភាពចំនួន ៣អគារ រួមមាន៖ អគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅចំនួន ១ខ្នង កម្ពស់២ជាន់ មាន ២០បន្ទប់។ រៀបចំប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៉ីនធើណេត។

ក្នុងនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយផ្តល់ស័ង្កសីជូនប្រជាពលរដ្ឋចំនួន ៦ម៉ឺនសន្លឹក និងផ្ទះគំរូចំនួន ២០ខ្នង សរុបជាថវិកាជាង ៨២ម៉ឺនដុល្លារអាមេរិក។ ស័ង្កសី ផ្តល់ជូនប្រជាពលរដ្ឋមួយគ្រួសារ ៣០សន្លឹក ហើយផ្ទះគំរូ ២០ខ្នង នឹងត្រូវចាប់ឆ្នោតជូនប្រជាពលរដ្ឋផងដែរ។

Share.