
ប្រធានសហព័ន្ធកីឡាហែលទឹកអន្តរជាតិ បានផ្លាស់ប្តូរក្បាលម៉ាស៊ីន១៧រូបមកហើយគិតចាប់តាំងពីឆ្នាំ១៩០៨ មក ខណៈក្នុងអាណត្តិ៤ឆ្នាំ២០២១-២០២៥ ត្រូវបានបោះឆ្នោតជ្រើសរើសលោក Al-Musallam ជនជាតិគុយវ៉ែត ធ្វើជាប្រធានសហព័ន្ធ ហើយនេះជាជនជាតិអាស៊ីដំបូងដែលឡើងកាន់តំណែងកម្រិតពិភពលោកនេះ។
លោក Al-Musallam ជាបេក្ខជនតែ១រូបគត់ដែលបានដាក់ពាក្យឱ្យបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធ បន្ទាប់ពីលោកកាន់តំណែងជាអនុប្រធានសហព័ន្ធនាពេលកន្លងមក។ ឡើងតំណែងថ្មីនេះគឺជំនួសលោក Julio Maglione ជនជាតិអ៊ុយរុយហ្គាយ ដែលកាត់តំណែងអស់ពេល១២ឆ្នាំមកហើយ។
នៅក្នុងមហាសន្និបាតប្រចាំរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ ដែលធ្វើឡើងតាមរយៈអនឡាយនៅទីក្រុងដូហា ប្រទេសកាតារ កាលពីពេលថ្មីៗមាន៣១៩ប្រទេស/ដែនកោះជាសមាជិក ខណៈតំណែងប្រធានសហព័ន្ធអន្តរជាតិរបស់លោក Al-Musallam មានការបោះឆ្នោតគាំទ្រចំនួន៣០២សម្លេង ៧សម្លេងអនុបវាទ និង១០សម្លេងអវត្តមាន។

សូមបញ្ជាក់ថាលោកប្រធានសហព័ន្ធកីឡាហែលទឹកអន្តរជាតិតាំងពីបង្កើតឡើងដំបូងដល់បច្ចុប្បន្នមាន៖
១.លោក George Hearn ចក្រភពអង់គ្លេស ចន្លោះឆ្នាំ១៩០៨-១៩២៤
២.លោក Erik Bergvall ស៊ុយអែត ចន្លោះឆ្នាំ១៩២៤-១៩២៨
៣.លោក Émile-Georges Drigny បារាំង ចន្លោះឆ្នាំ១៩២៨-១៩៣២
៤.លោក Walther Binner អាល្លឺម៉ង់ ចន្លោះឆ្នាំ១៩៣២-១៩៣៦
៥.លោក Harold Fern ចក្រភពអង់គ្លេស ចន្លោះឆ្នាំ១៩៣៦-១៩៤៨
៦.លោក Rene de Raeve ប៊ែលហ្សិក ចន្លោះឆ្នាំ១៩៤៨-១៩៥២
៧.លោក M.L. Negri អាហ្សង់ទីន ចន្លោះ១៩៥២-១៩៥៦
៨.លោក Jan de Vries ហុល្លង់ ចន្លោះឆ្នាំ១៩៥៦-១៩៦០
៩.លោក Max Ritter អាល្លឺម៉ង់ ចន្លោះឆ្នាំ១៩៦០-១៩៦៤
១០.លោក William Berge Phillips អូស្ត្រាលី ចន្លោះឆ្នាំ១៩៦៤-១៩៦៨
១១.លោក Javier Ostos Mora ម៉ិចស៊ីកូ ចន្លោះឆ្នាំ១៩៦៨-១៩៧២
១២.លោក Harold Henning អាមេរិក ចន្លោះឆ្នាំ១៩៧២-១៩៧៦
១៣.លោក Javier Ostos Mora (លើកទី២) ចន្លោះឆ្នាំ១៩៧៦-១៩៨០
១៤.លោក Ante Lambaša យូកូស្លាវី ចន្លោះឆ្នាំ១៩៨០-១៩៨៤
១៥.លោក Robert Helmick អាមេរិក ចន្លោះឆ្នាំ១៩៨៤-១៩៨៨
១៦.លោក Mustapha Larfaoui អាល់ហ្សេរី ចន្លោះឆ្នាំ១៩៨៨-២០០៩
១៧.លោក Julio Maglione អ៊ុយរ៉ុយហ្គាយ ចន្លោះឆ្នាំ២០០៩-២០២១
១៨.លោក Al-Musallam គុយវ៉ែត ចន្លោះឆ្នាំ២០២១-២០២៥
