បាត់ដំបង ៖ បុរសម្នាក់ផឹកស្រាស្រវឹងតាំងពីយប់ ព្រឹកឡើងនៅតែមិនទាន់ស្វាងស្រា ដើរទៅរកលើកទ្រូ ដើរឆ្លងប្រឡាយដួលប៉ើងតាមទឹកហូរ បណ្តាលឲ្យលង់ស្លាប់ ផ្អើលឆោឡោអ្នកភូមិចុះរាវរក កាលពីវេលាម៉ោង៩និង ៥០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅប្រឡាយបឹងក្រឡ ក្រុមទី១៣ ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ម៉ន ណេន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំខាងលើ មានប្រពន្ធឈ្មោះ ជៀប ចាំ អាយុ៦៨ឆ្នាំ មុខរបរកសិករ ។

តាមការបំភ្លឺពីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់គាត់បានផឹកស្រាស្រវឹងរហូតដល់យប់ជ្រៅទៅហើយ ទើបចូលដេក។ លុះដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ភ្ញាក់ដឹងខ្លួន ងើបឡើង នៅតែមិនទាន់ស្វាងស្រា ហើយក៏បានបបួលគាត់ជាប្រពន្ធទៅរកលើកទ្រូ នៅចំណុចប្រឡាយបឹងក្រឡ ចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ។ ក៏ប៉ុន្តែដោយសារឈឺជើងទើបគាត់មិនទៅជាមួយ ប្តីរបស់គាត់ក៏ដើរទៅម្នាក់ឯង បាត់មួយសន្ទុះ ស្រែកហៅ តែមិនឮសូរឆ្លើយ ដើរទៅរកមើលក៏មិនឃើញ សង្ស័យ ហៅឲ្យអ្នកជិតខាងជួយចុះរាវរក អស់រយៈពេលជិតមួយម៉ោងទើបប្រទះឃើញស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យពិនិត្យកោសក្យវិច័យរួចឃើញថាពិតជាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.