សៀមរាប ៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តបែនដឹកដីបើកបុកគោយន្តដឹកអុស កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវកៅស៊ូ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ជនរងគ្រោះទាំង៣នាក់ ជាប្តីប្រពន្ធនិងកូនស្រី ឈ្មោះ ស សៀន ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសធ្ងន់ ប្រពន្ធឈ្មោះ អ៊ុយ កេង អាយុ៤៣ឆ្នាំ របួសស្រាល និងកូនស្រីឈ្មោះ ស ដាលីន អាយុ១៥ឆ្នាំ រងរបួសស្រាល ។ អ្នកទាំង៣ រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកគោយន្តដឹកអុស ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គ្រាន់តែក្រឡេកឃើញរថយន្តដឹកដី ម៉ាកហុីណូ ពណ៌ស គ្មានស្លាកលេខ បើកលឿនពីជើងទៅត្បូង បត់ឆ្វេងទៅកើត ជនរងគ្រោះក៏លើកដៃជាសញ្ញា ឲ្យបង្អន់ល្បឿន តែខាងរថយន្តដឹកដីនៅតែបន្តបើកបត់ឆ្វេង ទើបបុកគោយន្ត បណ្តាលឲ្យផ្លោងខ្ទាតជនរងគ្រោះទាំង៣នាក់ របួសធ្ងន់ស្រាល ធ្លាក់អុសរាយប៉ាយពេញផ្លូវ អ្នកបើកបររថយន្តឃើញសភាពមិនស្រួលបើកទ្វារចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមណ្ឌលសុខភាពរុនតាឯក ចំណែកមធ្យោបាយ រថយន្តនិងគោយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.