ភ្នំពេញ៖ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ខាងមុខនេះ លោក សាន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើជនជាតិចិនម្នាក់និងបក្សពួក៤នាក់រត់គេចខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនជាង១០គីឡូ បន្ទាប់ពីសវនាការនៃសំណុំរឿងនេះបាន បើកធ្វើកាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ។

ជនជាប់ចោទមានឈ្មោះ ហ្វ័ង ស៊ីឡុងភេទប្រុស អាយុ២១ឆ្នាំ និងបក្សពួកចំនួន  ០៤  នាក់ទៀតរត់គេចខ្លួន  ជាប់ ចោទពីបទផលិត រក្សាទុក  ដឹកជញ្ជូន  និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៣៩ មាត្រា ៤០  មាត្រា ៤៧ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

កាលពីយប់ថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានល្បាតដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ បានឃើញជនសង្ស័យជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហម។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ និងបានរកឃើញម្សៅម៉ដ្តពណ៌សចំនួន០៥កញ្ចប់នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ សមត្ថកិច្ចក៏បានដក ហូត រួចនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ប្រតិបត្តិការនេះចូលរួមផ្ទាល់ពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យឈ្មោះ សង្ស័យ ហ្វ័ង ស៊ីឡុង ទៅបន្តឆែកឆេនៅទីតាំងខុនដូរមួយកន្លែងក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមាជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀន២៣មុខសរុបទម្ងន់ជាង១០គីឡូក្រាម និងសារធាតុសង្ស័យផ្សេងទៀតជាង៦គីឡូក្រាម៕

អត្ថបទ៖ចតុមុខ

Share.