ថ្ងៃនេះមានរឿងគួរឱ្យចាប់អារម្មណ៍ដែលត្រយង សូមលើកយកមកជម្រាបជូនមិត្តអ្នកអានពាក់ព័ន្ធនឹងជំងឺ Covid-១៩ តែមិនមែនរឿងវ៉ាក់សាំងការពារជំងឺកូវីដនោះទេ តែជារឿងទំនាក់ទំនងនិងសម្ព័ន្ធភាព។ អ្នកវិភាគបានប្រាប់ឱ្យដឹងថា Covid-19 បានធ្វើឱ្យមនុស្សភាគច្រើនត្រលប់មកជជែកជាមួយនឹងសង្សារចាស់កាន់តែច្រើនឡើង ថែមទាំងធ្វើឱ្យឈ្លោះជាមួយសង្សារបច្ចុប្បន្នកាន់តែច្រើនជាងមុន។
បច្ច័យសំខាន់ដែលធ្វើឱ្យសង្សារចាស់អាចជជែកគ្នានឡើងវិញបាននោះគឺ Social Media (បណ្ដាញសង្គម)

ចាប់តាំងពីមានកើតនូវជំងឺ Covid-19 គ្មានអ្នកណាហ៊ានបដិសេធទេថា មនុស្សមួយភាគធំបានប្រើពេលវេលាច្រើននៅជាមួយនឹងបណ្ដាញសង្គម និយាយបានយ៉ាងងាយថាវាធ្វើឱ្យយើងធ្វើការទំនាក់ទំនងគ្នាកាន់តែងាយស្រួល យោងតាមលទ្ធផលស្រាវជ្រាវបានឱ្យដឹងថាគូស្នេហ៍ទោះជានៅឆ្ងាយពីគ្នា ឱ្យតែមានបណ្ដាញសង្គមក៏ធ្វើឱ្យមានក្ដីសុខបានច្រើនដូចគ្នា។
ទោះយ៉ាងនេះក្ដីយោងតាមលទ្ធផលវិភាគពី Kinsey បានសាកល្បងជាមួយនឹងមនុស្សជាច្រើន ក្នុងនោះមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់នៃក្រុមអ្នកចូលរួមសាកល្បងទាំងអស់បានបង្ហើបឱ្យដឹងថាពួកគេត្រលប់ទៅទាក់ទងជាមួយនឹងសង្សារចាស់កាន់តែច្រើន អាចដោយសារតែក្ដីបារម្ភ ការចង់ដឹងឮ មួយចំណែកទៀតអាចដោយសារតែអារម្មណ៍ប្រច័ណ្ឌ។
អារម្មណ៍នៃចិត្តប្រច័ណ្ឌ?
អារម្មណ៍ប្រច័ណ្ឌកើតមានឡើងនៅពេលសម្ព័ន្ធភាពនោះមានបុគ្គលទីបីចូលមក អាចនិយាយដោយងាយថាច្រណែន ដែលត្រូវបាត់បង់អ្វីម្យ៉ាង បើបូកផ្សំជាមួយនឹងលទ្ធផលវិភាគផ្សេងកាន់តែគួរឱ្យចាប់អារម្មណ៍ អ្នកសរសេរធ្លាប់អានចំអត្ថបទមួយដែលបានលើកឡើងថាក្នុងកំឡុង Covid-19 មានស្វាមីភរិយាជាច្រើនគូបានលែងលះគ្នាកាន់តែច្រើនឡើង ដែលបង្កមកពីបណ្ដាញសង្គម ដូចជា Facebook ជាដើម។
ហ្វេសប៊ុកអាចធ្វើឱ្យយើងមើលឃើញរូបភាពបុគ្គលចាស់ៗ ដែលយើងធ្លាប់មានទំនាក់ទំនង ដែលអាចធ្វើឱ្យយើងកើតមានអារម្មណ៍ច្រណែនឡើង ប៉ុន្តែហេតុផលផ្សេងទៀតអាចបណ្ដាលមកពីទំនាក់ទំនងមានភាពមិនសូវរឹងមាំ។ គូស្នេហ៍ខ្លះសេពគប់គ្នា តែមិនព្រមបញ្ជាក់ឱ្យច្បាស់លាស់ ធ្វើឱ្យកើតជារឿងគិតខ្លួន ភ្លើងប្រច័ណ្ឌ ក្ដីសង្ឃឹម និយាយរួមមានចំណុចជាច្រើន សរុបជារួមគឺគ្រប់យ៉ាងគិតខ្លួនឯងរហូតបង្កើតជាការសង្ស័យ ហើយការសង្ស័យនេះឯងដែលនាំឱ្យគ្រប់គ្នាចង់បានចម្លើយ នៅពេលស្វែងរកចម្លើយក៏នាំឱ្យកើតជាបញ្ហាក៏ថាបាន។

ក្រៅពីត្រលប់ទៅមើល Profile និង ជជែកគ្នាជាមួយនឹងសង្សារចាស់ហើយ អ្នកវិភាគនៅបង្ហាញចំណុចសំខាន់មួយទៀតថា គូស្នេហ៍អាចនឹងកើតមានចិត្តប្រច័ណ្ឌហើយតាមដាន Status ឬ Comment របស់សង្សារកាន់តែស្អិតជាងធម្មតា ហើយអាចនឹងតាមទៅមើលនៅលើ Platform ផ្សេងៗថែមទៀតផង។
អ្នកវិភាគក៏បានណែនាំដែរថាបញ្ហាខាងលើនេះអាចនឹងនាំឱ្យកើតមានការឈ្លោះប្រកែកគ្នាកាន់តែខ្លាំង ដូច្នេះវិធីដែលល្អបំផុតគឺការនិយាយគ្នាត្រង់ទៅត្រង់មក កុំធ្វើឱ្យចិត្តសង្ស័យនាំឱ្យកើតមានការមិនទុកចិត្តគ្នា។ ចំណុចគួរពិចារណាមួយទៀតគឺកុំប្រើពេលវេលាទៅលើបណ្ដាញសង្គមជ្រុលហួសហេតុពេក យកល្អគួរតែកាត់ការលេងបណ្ដាញសង្គមដើម្បីចៀសវាងបញ្ហា។
អ្នកវិភាគក៏បានលើកឡើងដែរ បញ្ហានេះកើតពីការនឹករលឹកដែលនៅឃ្លាតឆ្ងាយគ្នាព្រោះបញ្ហាជំងឺឆ្លងផង ការទំនេរពីការងារច្រើនពេកផង ទើបធ្វើឱ្យមនុស្សមានពេលទំនេរនិងប្រើប្រាស់បណ្ដាញសង្គមច្រើនឡើង ព្រោះមនុស្សយើងមានចំណង់ចង់ដឹងចង់ឮចង់ត្រលប់ទៅប្រើប្រាស់ជីវិតដូចកាលពីមុន៕
