រដ្ឋមន្រ្តីក្រសួងថាមពលរបស់ទីក្រុង ម៉ូស្គូ លោក Alexander Novak បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះ​ថា បំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសចិន នឹងជំនួសបំពង់បង្ហូរឧស្ម័ន Nord Stream2 ទៅកាន់អឺរ៉ុប ដែលត្រូវបានបោះបង់ចោលចំពេលមានជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃ សុក្រ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២។

នៅពេលមានគេសួរលោក Novak នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី Rossiya-1 កាលពីថ្ងៃ ព្រហស្បតិ៍ ថា តើរុស្ស៊ីនឹងជំនួសបំពង់ European Nord Stream2 ជាមួយនឹងបំពង់ Asian Force Siberia2 ដែរឬទេ? លោក Novak បានឆ្លើយតបថា «បាទ ពិតមែនហើយ»។

នៅព្រឹកថ្ងៃដដែល រដ្ឋមន្រ្តីនៅខាងក្រៅនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ូសបេគីស្ថាន បាននិយាយថា រុស្ស៊ី និង ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ ស្ដីពីការចែកចាយឧស្ម័ន ៥០ពាន់លានម៉ែត្រគូប ក្នុងរយៈពេល ១ឆ្នាំ តាមរយៈបំពង់បង្ហូរឧស្ម័ន Forces2 នាពេលអនាគតនៅ ស៊ីបេរី។

បរិមាណនេះ នឹងស្ទើរតែតំណាងឱ្យសមត្ថភាពអតិបរមានៃ Nord Stream1 ៥៥ពាន់លានម៉ែត្រគូបសរុប ដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី២ ខែ កញ្ញា មក។ ខណៈ ១ភាគ៣ នៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដល់សហភាពអឺរ៉ុប បានឆ្លងកាត់បំពង់បង្ហូរយុទ្ធសាស្រ្តដែលតភ្ជាប់ពីរុស្ស៊ីទៅអាល្លឺម៉ង់។

Force Siberia2 នឹងជំរុញសេដ្ឋកិច្ចដែលមានថាមពលរបស់ចិន ដោយ ១ផ្នែកឆ្លងកាត់ប្រទេស ម៉ុងហ្គោលី។ ប្រភពច្បាស់ការមួយបានបង្ហើបថា ការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៤។ ដូច្នេះវានឹងជំនួសគ្រោង Nord Stream2 ដែលគាំទ្រដោយប្រទេស អាល្លឺម៉ង់ ដែលទីក្រុង វ៉ាស៊ីនតោនបានមើលរំលង ហើយលោកខាងលិចបានលុបចោលគម្រោងនេះ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែ កុម្ភៈ។

រដ្ឋមន្រ្តីថាមពលរុស្ស៊ី លោក Novak បានលើកឡើងថា ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនឹងធ្លាក់ចុះប្រហែល ៥០ពាន់លានម៉ែត្រគូប នៅក្នុងឆ្នាំ ២០២២នេះ។ ជាមួយគ្នា លោក Novak បាននិយាយថា ក្រុមហ៊ុន Gazprom ដែលជាប្រតិបត្តិករនៃបំពង់បង្ហូរឧស្ម័ន Force Of Siberia1 ដែលបានតភ្ជាប់តំបន់ Chaiandina ទៅភាគឥសាន្ដនៃប្រទេសចិនចាប់តាំងពីចុងឆ្នាំ ២០១៩ នឹងបង្កើនការចែកចាយ ដើម្បីឈានដល់ ២០ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ៕

ប្រភព៖ CNA

Share.