ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញបុរសពីរនាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IC-8303 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 118 ក្នុងទិសដៅពីកើតទៅលិច។ លុះមក ដល់កែងជាមួយផ្លូវលេខ 221 ក៏មានបុរសម្នាក់បើករថយន្ត lexus nx200t មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BO-6338 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូកៀបក្រោមរថយន្ត រងការខូចខាត អូសជាង 10 ម៉ែត្រ ។ចំណែកឯអ្នកជិះនៅលើម៉ូតូ 2 ពីរនាក់ ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។ ឯរថយន្តខ្ទេចអស់មួយកំណាត់មុខ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 3:30 យប់រំលងអធ្រាត្រឈានចូលថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោកខណ្ឌទួលគោក ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្តនិងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.