ភ្នំពេញ ៖ រថយន្តម៉ាស្តាមួយគ្រឿង ខណៈដែលបើកបរល្បឿនលឿន បួងចង្កូតបត់ឆ្លងផ្លូវ បុកកៀរខឿនទ្រូងផ្លូវ បែជាក្រឡាប់ផីងផ្ងារជើងបោកទៅលើបង្គោលភ្លើងបណ្តាលឲ្យបាក់មួយដើម រថយន្តរងខូចខាតធ្ងន់ កាកពីវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិ លេខ៦អា មុខបុរីអ័រគីដេ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-1323 បើកបរដោយបុរសម្នាក់ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ បំណងចូលបុរីអ័រគីដេ តែជ្រុលបុកកៀរខឿនសួនទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ បោកលើ បង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម រថយន្តរងខូចខាតខ្ទេចមួយចំហៀងខាងឆ្វេង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ការខូចខាត រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ស្ទូចយករថយន្តទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖វិច្ឆិកា

Share.