ប៉ៃលិន÷ សមត្ថកិច្ចស្ទាក់ឃាត់ខ្លួនក្រុមក្មេងទំនើង ១០នាក់អនុវត្តវិធានការច្បាប់ ក្រោយពួកគេនាំគ្នាជិះម៉ូតូលឿន និងបង្កបំពងសំឡេងខ្លាំងៗរំខានដល់សាធារណ:ជនលើដងផ្លូវ។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២នេះកម្លាំងឈរជើងតាមគោលដៅ ខណ:ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍បានស្ទាក់ចាប់ក្រុមស្ទាវមួយក្រុមដែលមានគ្នាចំនួន ១០នាក់ រួមជាមួយនឹងម៉ូតូចំនួន ៧គ្រឿង បន្ទាប់ពីក្រុមក្មេងខាងលើមិនចូលរួមសហការជាមួយកម្លាំងនគរបាលជាតិ ថែមទាំងផ្គើនជិះម៉ូតូកាន់តែលឿន ស៊ីម៉ាំងម៉ូតូកែច្នៃបង្កជាសំឡេងខ្លាំងៗភ្ញាក់ផ្អើលដល់សាធារណ:ជន និងគ្មានសណ្តាប់ធ្នាប់ពេញទីប្រជុំជនក្រុង។

ក្រុមក្មេងទំនើងបុរសនេះដែរមានអាយុចាប់ពី ១៦ឆ្នាំ ដល់ ២០ឆ្នាំ និងមានទីលំនៅក្នុងស្រុកកំរៀង និងភ្នំព្រឹក ពួកគេនៅថ្ងៃបង្កហេតុបាននាំគ្នាប្រមាណជា ២០ម៉ូតូលឿន គ្មានរបៀបរៀបរយក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ច មិនត្រឹមតែព្រមឈប់ ផ្ទុយទៅវិញរឹតតែបន្ថែមល្បឿនកាន់លឿនថែមទៀត។

បច្ចុប្បន្ន ក្រុមក្មេងទាំងអស់ ក៏ដូចវត្ថុតាងម៉ូតូដែលពាក់ព័ន្ធត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរក្សាទុក និងឃាត់ខ្លួនដើម្បីដោះស្រាយតាមវិធានការច្បាប់បន្ត៕

អត្ថបទ៖ ដំបងក្រញូង

Share.