Paris Hilton ដែល​ជាចៅ​ស្រី​របស់​កំពូល​សេដ្ឋី​ម្ចាស់​សណ្ឋាគារ​ល្បី​ត្រកូល​ Hilton គឺជា​សិល្បការិនី​ (Celebrity) ដ៏ល្បីល្បាញមួយ​រូប ​​បាន​សាង​កេរ្តិ៍ឈ្មោះ​ កិត្តយស និង​ Brand ដោយ​ដៃ​ទាំង​គូ​របស់​ខ្លួន​។ យ៉ាងណាមិញ​ថ្មីៗ​នេះ​នាង​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្រោយ​នាង​បាន​ចេញ​មក​អំពាវនាវ​និង​អង្វរ​កសុំ​ជំនួយ​ពីមហាជន​ ដើម្បីស្វែងរក​សុនខមួយ​ក្បាល​។

មិន​ត្រឹម​តែ​ Paris នោះ​ទេ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញលើ​ Instagram មាន​ចំនួន​ follower រហូត​ដល់​២០​លាន​គណនី សូម្បី​តែ​សត្វសុនខដែល​នាង​​ចិញ្ចឹម​ក៏ល្បីល្បាញ​និង​មាន​មនុស្ស​ Follow រហូត​ដល់​ទៅជាង​៨០​ម៉ឺន​គណនី​ដូច​គ្នា​ដែរ​។ ដោយ​ឡែក​ Paris ទើប​តែ​បង្ហោះ​នៅ​លើ​គណនី Instagram របស់​ខ្លួនចែក​រំលែក​ដំណឹង​អាក្រក់​ ហើយ​សុំ​​អំពាវនាវ​សុំ​ឱ្យ​មហាជន​ជួយ​ស្វែង​រក​ Diamond Baby ដែល​ជា​សុនខ​ពូជ​ Chihuahua បាន​បាត់​ចេញ​ពី​ផ្ទះ​។

«ពួក​ខ្ញុំ​បាន​ផ្លាស់​ផ្ទះថ្មី​ ហើយ​ប្រហែល​ជា​អ្នក​ជញ្ជូន​ឥវ៉ាន់​ម្នាក់​ភ្លេច​ហើយ​ចំហ​ទ្វារ​ចោល​» ភ្ជាប់​ជាមួយ​នឹង​ការ​រៀប​រាប់​​នេះ​ Paris មិន​ខ្លាច​នឹង​ហ៊ាន​ចាយ​លុយ​ដើម្បី​ស្វែង​រក​សត្វ​ចិញ្ចឹម​សំណព្វ​ចិត្ត​របស់​ខ្លួន​ឡើយ​នាង​បាន​ជួល​ភ្នាក់ងារ​​ស៊ើប​​អង្កេត​​ស្វែង​​រក​​សត្វ​​, ​ក្រុម​អ្នក​មាន​ជំនាញ​ផ្នែក​សុនខ,និង​គ្រូពេទ្យ​ជំនាញ​ចិត្ត​សាស្ត្រ​ ហើយ​កំពុង​តែ​ស្វែងរក​ជួល​សេវាកម្ម​ម៉ាស៊ីនថត​ ដ្រូន ដើម្បី​រក​សុនខ​មួយ​នោះ​ផង​ដែរ​។

ក្នុងយុទ្ធនាការ​ដ៏​សស្រាក់​សស្រាំ​ស្វែង​រក​សុនខ​បាត់​ខ្លួន​មួយ​ក្បាល​នោះ​ គណនី​សត្វ​ចិញ្ចឹម​របស់​នាង​ដែល​មាន​ឈ្មោះ​រួម​ថា​ @HiltonPets បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ថ្មី​ជា​បណ្ដោះ​អាសន្ន​វិញ​ថា​ #FindDiamondbaby ហើយ​បង្ហោះ​ចែក​ចាយ​ដំណឹង​ផ្លូវការ​ពី​ការ​បាត់​ខ្លួន​សុនខ​របស់​នាង​។ យោង​តាម​ទស្សនា​វដ្ដី​ Rolling Stone សត្វសុនខ​ Diamond Baby បាន​ចូលខ្លួន​ជា​សមាជិក​របស់​គ្រួសារ​ Hilton តាំង​ពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដូច្នេះ​មិន​ប្លែក​ឡើយ​ដែល Paris និង​ អ្នក​គាំទ្រ​របស់​នាង​កើត​ទុក្ខ​និង​ពិបាក​ចិត្ត​ខ្លាំង​ចំពោះ​ការ​បាត់​ខ្លួន​សុនខ​មួយ​ក្បាល​នោះ​។

អ្នកប្រើប្រាស់​ Twiter ម្នាក់​បាន​សរសេរថា​៖ «ក្នុង​នាម​ជា​អ្នក​ស្រលាញ់​សត្វម្នាក់​ ដំណឹង​នេះ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចិត្ត​ណាស់​។ ខ្ញុំ​សង្ឃឹម​ថា​ Paris បាន​កូន​របស់​នាង​ត្រលប់​មក​វិញ​។ បេះដូង​របស់​នាង​ប្រាកដ​ជា​ខ្ទេចខ្ទាំ​ណាស់​ហើយ​។ ខ្ញុំ​អាច​ដឹង​ច្បាស់​ពី​អារម្មណ៍​របស់​នាង​»

Paris Hilton បាន​បង្ហោះ​ទៀត​ថា​​ អ្នក​ដែល​អាច​នាំ​ខ្លួន​ Diamond Baby ត្រលប់​មក​វិញ​ដោយ​សុវត្ថិភាព​ នឹង​ទទួល​បាន​រង្វាន់​ហើយ​ មិន​មាន​ការ​សួរនាំ​ឬ​សួរ​ចម្លើយ​អ្វីទាំង​អស់​៕

Share.