សំបុត្រជើងហោះហើរមួយជើងចុងក្រោយចេញពីប្រទេសរុស្ស៊ីបានឡើងថ្លៃ និង លក់អស់យ៉ាងឆាប់រហ័សកាលពីថ្ងៃ ពុធ សប្ដាហ៍នេះ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជាឲ្យកេណ្ឌទ័ពចេញពីទាហានបម្រុងចំនួន ៣០០,០០០នាក់ជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Arab news នាថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២២។

ការប្រកាសរបស់លោក ពូទីន បានធ្វើឡើងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីព្រឹកព្រលឹមថ្ងៃ ពុធ (ម៉ោងក្នុងស្រុក) បានបង្កើនការភ័យខ្លាចថា យុវជនខ្លះដែលមិនទាន់គ្រប់អាយុ ត្រូវបានគេយកទៅធ្វើជាទាហានដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន និង មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេស។

ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Sergei Shoigu បាននិយាយថា ការអំពាវនាវនេះនឹងត្រូវកំណត់ចំពោះអ្នកដែលមានបទពិសោធន៍ជាទាហានអាជីព ហើយមានឈ្មោះជាទាហានបម្រុងប៉ុណ្ណោះ ខណៈនិស្សិត និងអ្នកដែលបានត្រឹមតែចូលបំំពេញកាតព្វកិច្ចយោធា គឺមិនត្រូវបានកោះហៅឲ្យចូលរួមនោះទេ។

វិមានក្រឹមឡាំងបានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីថា តើព្រំដែននឹងត្រូវបិទចំពោះអ្នកដែលស្ថិតនៅក្រោមបញ្ជាការចល័តឬអត់នោះទេ ដោយវិមានក្រឹមឡាំងបានស្នើឲ្យប្រជាជនមានការអត់ធ្មត់នៅពេលដែលច្បាប់ត្រូវបានបញ្ជាក់នៅពេលក្រោយ។

ទន្និន័យពី Google Trends បានបង្ហាញថា ចំនួនអ្នកស្វែងរកទិញសំបុត្រធ្វើដំណើរតាម Aviasales ដែលជាគេហទំព័រដ៏ពេញនិយមរបស់រុស្ស៊ី សម្រាប់ការបញ្ជាទិញសំបុត្រជើងហោះហើរ គឺមានការកើនឡើងខ្លាំង។ ជាមួយគ្នាជើងហោះហើរត្រង់ពីទីក្រុង ម៉ូស្គូ ទៅកាន់ទីក្រុង អ៉ីស្ដង់ប៊ុល នៃប្រទេសតួកគី និង ទីក្រុង យ៉េរ៉េវាន់ ក្នុងប្រទេស អាមេនី ដែលជាគោលដៅអនុញ្ញាតឲ្យពលរដ្ឋរុស្ស៊ីចូលដោយគ្មានទិដ្ឋការនោះ ក៏ត្រូវបានលក់អស់ទាំងស្រុងនៅត្រឹមថ្ងៃ ពុធ នេះ។

ដោយឡែកផ្លូវទៅកាន់ទីតាំងប្ដូរជើងហោះហើរមួយចំំនួន រួមទាំងពីទីក្រុង ម៉ូស្គូ ទៅទីក្រុង ធីប៊ីលីស៊ី នៃប្រទេស ហ្សក់ហ្ស៊ី ក៏មិនមានលក់ដែរ ខណៈជើងហោះហើរដែលមានតម្លៃទាបបំផុតពីទីក្រុង ម៉ូស្គូ ទៅកាន់ ទីក្រុង ឌូបៃ បានឡើងថ្លៃខ្ពស់រហូតដល់ ៣០០,០០០រូប្ល៊ែ ស្មើនឹង ៥,០០០ដុល្លារអាមេរិក ដែលស្មើនឹងតម្លៃប្រហែល ៥ដង នៃប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់ប្រជាជនរុស្ស៊ី៕

ប្រភព៖ Arab News

Share.