ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមប្រព័ន្ធវីដេអូអនឡាញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់ថ្នាក់ដឹកនាំអាស៊ានយកចិត្តទុកដាក់រួមគ្នាគាំទ្រការដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសប្រឈមៗថ្មីនៅក្នុងតំបន់រួមទាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត និងបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់ជាដើម។

សម្ដេចមានប្រសាន៍ថា«នៅមានកិច្ចការសំខាន់ៗជាអាទិភាពច្រើនទៀតដែលអាស៊ានត្រូវបន្តផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ដូចជាគ្រោះមហន្តរាយធម្មជាតិ សង្គ្រាមប្រដាប់អាវុធ វិបត្តិថាមពល ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងដោយបទល្មើសមិនប្រពៃណី ដូចជា អំពើជួញដូរ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ការជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ជាដើម»។

សម្ដេចបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ នឹងដើរតួជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្លាស់ប្ដូរ និងចែករំលែកទៅវិញទៅមកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍ថ្មីៗក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និងការអភិវឌ្ឍសម្រាប់តំបន់អាស៊ានទាំងមូល។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាឱកាសដែលបណ្ដារដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ានផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់និងសកល ជាពិសេសលើប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។

ប្រភេទនៃឧក្រិដ្ឋកម្មដែលអាស៊ានតែងផ្ដោតសំខាន់នោះ រួមមានការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើស បច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។ កិច្ចប្រជុំក៏ពិនិត្យពិភាក្សាលើកម្មវិធីការងារ និងផែនការសកម្មភាពកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្តផងដែរ។

កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយនៅព្រឹកមិញនេះសម្ដេចក្រឡាហោម ស ខេង បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំបូក៣ គឺអាស៊ានបូក ចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយនៅពេលល្ងាចសម្ដេចនឹងថ្លែងសុន្ទកថាបិទ ព្រមទាំងផ្ទេរតួនាទីប្រធានជូនរដ្ឋមន្រ្តីឥណ្ឌូនេស៊ី។ សេចក្ដីប្រកាសព័ត៌មានរួមមួយនឹងត្រូវបានធ្វើឡើងនៅក្រោយចប់កិច្ចប្រជុំ៕

Share.