រឿងរ៉ាវប្លែកមួយកំពុងតែល្បីល្បាញនៅប្រទេសថៃ ព្រោះតែមានបុរសម្នាក់ទៅកាត់សក់ ហើយប្រាប់ថាចង់បានសក់ដូចឃុនឆាង ស្រាប់តែជាងកាត់ឱ្យដូចបេះបិទ ម្ដងនេះដល់បានសក់ដូចមែនទែន សាមីខ្លួនបែរជាពិបាកទទួលយក។

មានគណនី Titkok មួយរបស់ថៃឈ្មោះ @Sing_ssa ដែលជាជាងកាត់សក់បានផុសវីដេអូមួយដោយបានសរសេរថា «អតិថិជននិយាយលេងថាចង់បានឃុនឆាង ដូច្នេះខ្ញុំក៏កាត់ឱ្យបានតាមសំណូមពរ ស្រាប់តែគេខឹងខ្លាំង គួរធ្វើយ៉ាងម៉េចល្អ?»
នៅក្នុងវីដេអូនោះមានបុរសម្នាក់អង្គុយលើកៅអីកាត់សក់ ចំណែកអតិថិជនរូបនោះអង្គុយយកដៃបិទមុខបិទមាត់ បែបខ្មាសអៀន ហើយបាននិយាយថា បងកាត់សក់ឱ្យខ្ញុំបានល្អណាស់ ចំណែកខាងជាងពេលឮពាក្យអតិថិនជននិយាយបែបនោះក៏សើចមកដោយក្ដីអាណិត។
ខណៈដែលអ្នកលេងបណ្ដាញសង្គមបានបញ្ចេញយោបល់យ៉ាងច្រើន ដោយមួយភាគធំបានលើកឡើងថា អតិថិជននិងជាងប្រហែលជាស្គាល់គ្នាស្និទ្ធស្នាល មើលទៅដូចជាមិត្តភក្ដិលលេងជាមួយនឹងមិត្តភក្ដិច្រើនជាង ខណៈអ្នកខ្លះទៀតលើកឡើងថា «កុំចង់មកលលេងជាមួយនឹងជាងកាត់សក់ ថាឱ្យកាត់គឺកាត់ឱ្យតាមសំណូមពរ»។
ប៉ុន្តែក៏មានអ្នកខ្លះទៀតមើលឃើញថា ជាងធ្វើហួសហេតុ មិនគួរធ្វើបែបនេះ មិនគួរយកសក់ក្បាលរបស់គេមកលលេងដូច្នេះទេ។ ក្រោយមានការរិះគន់ដូច្នេះជាងកាត់សក់បានមកឆ្លើយតបថា នោះគ្រាន់តែជាវីដេអូលលេងមិត្តភក្ដិប៉ុណ្ណោះព្រោះការពិត មិត្តរបស់ខ្លួនបានមកហាងដើម្បីកោរសក់ត្រៀមបួស ដូច្នេះការថតឃ្លីបគ្រាន់តែជាវីដេអូថតលេងដើម្បីកម្សាន្តប៉ុណ្ណោះ៕
