ភ្នំពេញ ៖ ឃើញឱកាសស្ងាត់ ពលរដ្ឋ ទៅបាត់អស់ស្ងាត់ភូមិ ជនសង្ស័យម្នាក់ទៅធ្វើសកម្មដើរឆ្កឹះសោរតាមបន្ទប់ ជួល ចូលប្រមូលលួចទ្រព្យសម្បត្តិ គាប់ជួនចំកម្លាំងល្បាត ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤និង ៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យក្នុងបទល្មើសខាងលើ ឈ្មោះ ម៉ៃ រ៉ាឌី ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សមត្ថកិច្ចដកហូតបាន រ៉ូប ខោអាវ របស់របរ គ្រឿងសម្អាង របស់ម្ចាស់បន្ទប់ និងដែកសរសៃ ប្រើសម្រាប់ឆ្កឹះសោ របស់ជនសង្ស័យ ។

បើតាមសម្តីស្ត្រីជាម្ចាស់ផ្ទះ ឈ្មោះ គី ស្រីមុំ អាយុ៤៥ឆ្នាំរស់នៅផ្ទះកើតហេតុ ហើយជាដើមបណ្តឹង បានឲ្យដឹងថា នៅផ្ទះជួលរបស់គាត់ ដែលមានអ្នកជួលបន្ទប់ស្នាក់នៅ ចំនួន២៤បន្ទប់ សុទ្ធតែជាបងប្អូនកម្មករ កម្មការិនីរោងចក្រ បាននាំគ្នាចាកចេញទៅស្រុកកំណើតរៀងៗខ្លួនអស់ហើយ ក្នុងឱការបុណ្យភ្ជុំបិណ្ឌនេះ។ ចំណែកគាត់និងក្រុមគ្រួសារជាម្ចាស់ផ្ទះ នៅចាំមើលផ្ទះ ។ ស្ត្រីដដែលបន្តទៀតថា នៅវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលកំពុងដេកសម្រាក ឮសូរសម្លេងបើកទ្វារ តាមបន្ទប់ជួលរបស់គាត់ សង្ស័យព្រោះថា អ្នកជួលតាមបន្ទប់ទៅស្រុកអស់ហើយ ចុះម្តេចមានអ្នកបើកទ្វារចូលទៀត ក៏ដើរតាមរកមើលតាមបន្ទប់ ស្រាប់តែឃើញភ្លើងពិល កំពុងនៅក្នុងបន្ទប់A52 កាន់តែសង្ស័យត្រង់ថា ម្ចាស់បន្ទប់ជាមនុស្សស្រី នៅលីវទេ ចុះម្តេចបានមានមនុស្សប្រុសចូលក្នុងបន្ទប់ តាមទៅពិនិត្យមើល ស្រាប់តែឃើញជនសង្ស័យកំពុងប្រមូលអុីវ៉ាន់ ជញ្ជូនចេញ ស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ដើរល្បាតក្នុងមូលដ្ឋាន រាយការណ៍ប្រាប់ ចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅប៉ុស្តិ៍ ដកហូតបានដែកសរសៃសម្រាប់ឆ្កឹះសោ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាដើរធ្វើសកម្មភាពដើរលួចតាមបន្ទប់ជួលពិតមែន គ្រាដែលឃើញឱកាស ដែលអ្នកស្នាក់នៅតាមបន្ទប់ជួល ទៅស្រុកអស់ ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.