ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការ និងការផ្តល់ថវិកាដល់អត្តពលិកចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Prawit Wongsuwan បានស្នើឱ្យកីឡាបាល់ទាត់ថៃដណ្តើមបានមេដាយមាសចំនួន ២ លើកីឡាបាល់ទាត់បុរស និងឈុតនារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក​ Prawit Wongsuwan

លោក​ Prawit Wongsuwan ក៏​បាន​ព្រមាន​ដែរ​ថា បើ​ក្រុមជម្រើសជាតិថៃ ទាំងឈុតបុរស និងនារី ​បាត់​មេដាយ​មាស​មួយ​ក្នុង​ចំណោម​មេដាយ​មាស​ទាំង​២ក្នុង​វិស័យ​បាល់ទាត់ នោះ​នរណា​ម្នាក់​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ (សម្តៅលើគ្រូបង្វឹក)។

សមាគមកីឡាបាល់ទាត់ថៃគ្រោងនឹងបញ្ជូនកីឡាករអាយុក្រោយ២១ឆ្នាំ U21 ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយគេរំពឹងថាក្រុមយុវជនទាំងនោះ នឹងមានការបោះជំរុំហ្វឹកហាត់រយៈពេល២សប្តាហ៍នៅប្រទេសអារ៉ាប់រួម (UAE) ក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុន។

គួរដឹងផងដែរថានៅក្នុងព្រឹត្តិការណ៍កីឡា សុីហ្គេមលើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ឃើញថាក្រុមជម្រើសជាតិថៃ ទាំងឈុតបុរស និងនារី បានត្រឹមមេដាយប្រាក់ទាំង២ ក្រោយឈុតបុរសចាញ់ម្ចាស់ផ្ទះវៀតណាម ក្នុងលទ្ធផល ១-០ ខណ:ឈុតនារីចាញ់វៀតណាម ក្នុងលទ្ធផល ១-០ ដូចគ្នា៕

Share.