កាលពីថ្ងៃ៥ខែមិថុនាកន្លងទៅថ្មីៗនេះ សារព័ត៌មានកោះតៃវ៉ាន់បានផ្សាយថា Barbie Hsu (សាន់ឆាយ) និងស្វាមីអ្នកជំនួញរបស់នាងលោក Wang Xiafei បានលែងលះគ្នាហើយ ដោយ Barbie បានប្រកាសទៀតខ្លួនកំពុងដំណើរការលែងលះខណៈស្វាមីរបស់នាងបានបង្ហើបឱ្យដឹងថារូបលោកមិនបានដឹងពីរឿងលែងលះនេះទេ។

ខណៈម្ដាយរបស់តារាស្រីរូបនេះបានឱ្យដឹងថា សាន់ឆាយ និង ស្វាមីបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា១០ឆ្នាំហើយ ម្យ៉ាងទៀតថ្មីៗនេះ អ្នកទាំងពីរបានឈ្លោះប្រកែកគ្នា ដែលធ្វើឱ្យ Barbie កើតគំនិតចង់បែកគ្នា។ អ្នកម្ដាយតារារូបនេះបានពោលថា៖ «ពាក្យសំដីដែល Barbie (សាន់ឆាយ) និយាយកើតចេញពីកំហឹង លែងលះស្អី? ខ្ញុំនឹងនិយាយជាមួយ Barbie ពួកគេពីរនាក់នោះបារម្ភពីកូនរបស់ពួកគេ ខ្ញុំនឹងឃាត់អ្នកទាំងពីរនោះទុក»។ ចំណែកអ្នកចាត់ការរបស់នាង Liao Weigi បាននិយាយថា «តើគូស្វាមីណាមិនធ្លាប់ឈ្លោះប្រកែកគ្នា? រឿងគ្មានអីធំដុំនោះទេ»។

ងាកមកស្វាមីរបស់សាន់ឆាយលោក Wang Xiaofei បានពន្យល់ពីបញ្ហានេះតាមរយៈសំណេរមួយបង្ហោះលើបណ្ដាញសង្គមថា៖ «ដោយសារតែខ្ញុំបារម្ភពីគ្រួសារខ្លាំងពេក ធ្វើឱ្យម្សិលមិញខ្ញុំបានប្រើប្រាស់ពាក្យសំដីអាក្រក់។ ក្នុងស្ថានភាពជំងឺរាតត្បាតបែបនេះ មនុស្សយើងងាយនឹងបាត់បង់ម្ចាស់ការណាស់។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុវត្ថិភាពនិងសុខភាពល្អ។»
រំលឹកឡើងវិញតារាស្រី Barbie Hsu និងស្វាមីលោក Wang Xiaofei បានស្គាល់គ្នាជាលើកដំបូងនៅឆ្នាំ២០១០ នៅក្នុងកម្មវិធីខួបកំណើតតារាស្រី Andy An នៅទីនោះអ្នកទាំងពីរអាចនិយាយបានថាជួបគ្នាភ្លាមស្រលាញ់ភ្លែត បន្ទាប់ពីនោះមក៤ម៉ោង អ្នកទាំងពីរចាប់ផ្ដើមទាក់ទងគ្នា បន្តមកទៀត២០ថ្ងៃក្រោយតារាស្រីរូបនេះបានប្រកាសពីដំណឹងភ្ជាប់ពាក្យជាមួយនឹងលោក Xiaofei ក្រោយរៀបការនិងមានកូនប្រុសស្រី Barbie មិនសូវបង្ហាញមុខលើកញ្ចក់ទូរទស្សន៍នោះទេដោយសាររវល់មើលថែទាំកូនរបស់ខ្លួន៕
