នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី១ នឹងចាប់ផ្ដើមឡើងនៅថ្ងៃពុធទី៥ ខែតុលា នេះហើយ ដោយក្រុមបឹងកេត ត្រូវបើកទ្វារកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ ទទួលស្វាគមន៍អគ្គិសនីកម្ពុជា នៅវេលាម៉ោង ៣:៣០នាទីរសៀល។

មុនជំនួបដ៏សំខាន់នេះកើតឡើង លោក ទុំ សារ៉ាយ គ្រូបង្គោលក្លិបបាល់ទាត់អគ្គិសនីកម្ពុជាបានបញ្ចេញ ទស្សនៈថា៖«ពេលអគ្គិសនីកម្ពុជាប៉ះបឹងកេត ចំណុចដែលខ្ញុំព្រួយបារម្ភ គឺខ្សែប្រយុទ្ធរបស់គូប្រជែង ដែលមាន សៀង ចន្ធា និង ម៉ាត់ នូរុណ។ ព្រោះពួកគេមានល្បឿនលឿន និងស៊ីចង្វាក់គ្នាណាស់នៅតំបន់ខាងលើ»។

បែបណាក្ដី ក្រុមអគ្គិសនីកម្ពុជាឆ្នាំនេះល្អមែនទែន ព្រោះបានទម្លាក់គិរីវង់សុខសែនជ័យ នៅវគ្គ១៦ ក្រុមចុងក្រោយដោយគ្រាប់បាល់សរុបពីរជើង ៤-៣ និងទម្លាក់ក្រុមជើងឯក៤សម័យ ព្រះខ័នរាជស្វាយរៀង នៅវគ្គ ៨ក្រុមដោយគ្រាប់បាល់សរុប ៤-២។

លោកបញ្ជាក់ថា៖«ខ្ញុំបានសួរកីឡាករ គឺពួកគេឆ្លើយថា ចង់បានពានសម្ដេច និងលីគទី២ ផងដែរ។ ខ្ញុំជាគ្រូក៏សប្បាយចិត្តពេលឃើញការតាំងចិត្តរបស់កីឡាករបែបនេះ។ យើងមិនលេងទម្លាក់ជើងអីទេ មិនថាពានសម្ដេច ឬលីគទី២ នោះឡើយ។ ការលេងក្នុងដីបឹងកេតនេះ យើងនឹងខំអស់ពីសមត្ថភាព បើមិនឈ្នះក៏យកស្មើដែរ ដើម្បីងាយស្រួលយកឈ្នះក្នុងដីរបស់យើងឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង»។

គួរដឹងថាស្នាដៃទទួលបានល្អបំផុតរបស់អគ្គិសនីកម្ពុជា គឺទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពានសម្តេចកាលឆ្នាំ២០១៧ ពេលឈ្នះបឹងកេត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៥-៤ នៅវគ្គដណ្ដើមយកលេខ៣ នេះឯង៕

Share.