ចៅ​ប្រុស​របស់​អតីត​កំពូល​តារា​ទូរទស្សន៍​ល្បី​ Michael Landon ត្រូវ​រថយន្ត​ក្រុង​បុក ហើយ​ជន​រងគ្រោះ​ត្រូវ​គេ​ទុក​ចោល​លើ​ចិញ្ចឹម​ផ្លូវ​រហូត​ដាច់​ខ្យល់​ស្លាប់។ ម្ដាយ​ជន​រងគ្រោះ​បាន​ទាមទារ​ចង់​បាន​ចម្លើយ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ថ្នាក់​របស់​កូន​ប្រុស​ខ្លួន​តែ​គ្មាន​ចម្លើយ​។

លោក​ស្រី​ Shawna Landon និង ឪពុក​លោក Michael Landon

លោក​ស្រី​ Shawna Landon ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ Michael Landon បាន​ផ្ដល់​សម្ភាសន៍ឱ្យ​កាសែត​ Dailymail ពាក់ព័ន្ធ​នឹង​​ការ​ស្លាប់​របស់​កូន​ខ្លួនដែល​​មិនមាន​ព័ត៌មាន​ជាក់​លាក់​ ​គួរ​ឱ្យ​ទុក​ចិត្ត​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​នោះ​នៅ​ឡើយ​ ទាំង​ដែល​រឿង​ហេតុ​បាន​កន្លង​ហួស​រយៈ​ពេល​២​ខែ​ទៅ​ហើយ​។

តារា​ស្រី​វ័យ​៥០​ឆ្នាំ​ បាន​រៀបរាប់​នៅ​បទ​សម្ភាសន៍​នោះ​ថា​កូន​ប្រុស​ខ្លួន​គឺ​ Dylan Lupia វ័យ​២៤​ឆ្នាំ​ ត្រូវ​បាន​គេ​ទុក​ឱ្យ​ដាច់​ខ្យល់​ស្លាប់​ចោល​នៅ​ទីក្រុង​ Rancho Palos កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា​។ លោក​ស្រី​បន្ត​ថា​តៃ​កុង​ឡាន​ក្រុង​នៅ​តែ​បើក​ឡាន​បន្ត​ទៅមុខ​ទៀត​ទោះ​ជា​បាន​បុក​កូន​ខ្លួន​រួច​ហើយ​ក្ដី​។ នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​លោក​ស្រី​បាន​និយាយ​ថា​ តៃកុង​ឡាន​បាន​អះអាង​ថា​លោក​មិន​បាន​ដឹង​ទេ​ថា​ឡាន​ដែល​លោក​បើក​បាន​បុក​និង​អូស​អ្នកណា​ម្នាក់​នោះឡើយ​​ ដោយ​ដំបូង​ឡើយ​​លោក​គិត​ថា​មាន​នរណា​ម្នាក់​ចង់​កម្ទេច​ឡាន​របស់​លោក​។

ទោះ​ជា​ទទួល​បាន​ចម្លើយ​បែប​នេះ​ក្ដី​ ប៉ុន្តែ​របស់​សព​​នៅ​តែ​មិន​អស់​ចិត្ត​ហើយ​មាន​សំនួរ​ជា​ច្រើន​ទៀត​ពេញ​ក្នុង​ខួរ​ក្បាល ដោយ​លោក​ស្រី​បាន​និយាយ​ប្រាប់​ Dailymail ថា​ «ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ចម្លើយ​ប៉ុណ្ណោះ​។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​កំពុង​គិត​។ ម៉េច​បាន​ជា​អ្នក​និយាយ​ថា​អ្នក​មិន​ដឹង​នៅ​ពេល​ដែល​អ្នក​បាន​បើក​បុក​មនុស្ស​មួយ​ទាំង​មូល?»។ បុរស​ម្នាក់​នេះ​មិន​បាន​ឈប់​មើល​ថា​មាន​រឿង​អ្វី​កើត​ឡើង​ ឬ​ខល​ទៅ​៩១១ នោះ​ឡើយ​។

កូនប្រុស​ខ្ញុំ​ត្រូវ​គេទុក​ចោល​ឱ្យ​ស្លាប់​នៅ​ចិញ្ចើម​ថ្នល់​។ ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​វេលា​ម៉ោង​៧ និង​៣១​នាទី​ល្ងាចនៅ​តាម​បណ្ដោយ​ផ្លូវ​ស្ងាត់​តវាង​ Terranea way និង​ Hatano Farms។ Dylan កំពុង​តែ​ធ្វើ​ដំណើរ​ថ្មើ​ជើង​នៅ​លើ​ផ្លូវ​សម្រាប់​ត្រី​ចក្រយាន​ធ្វើ​ដំណើរ​ ហើយ​នៅ​ពេល​នោះឯង​ដែល​រថយន្ត​ក្រុង​លេខ​ ៣៤៤ បុក​លោក​ពេញ​ទំហឹង​។ តៃកុង​ឡាន​បន្ទាប់​ពី​បុក​ហើយ​បាន​បន្ត​បើក​រហូត​ជាង​១​ម៉ាល​ឬ​ពាក់​កណ្ដាល​ផ្លូវ​ទម្រាំ​ដល់​ចំណត​មួយ​ទៀត​ ទើប​ជាន់​ហ្វ្រាំង​ឈប់។ តៃ​កុង​ឡាន​​បាន​អះអាង​ថា​នៅ​ពេល​នោះ​លោក​បាន​ទម្លាក់​អ្នក​ដំណើរ​ចុង​ក្រោយ​ដេល​ជាង​បុរស​នោះ​ចំណត​​ មុន​នឹង​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​គ្រប់​គ្រង​ការ​ដឹកជញ្ជូន​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​។

ដោយ​ឡែក​មិត្ត​និង​គ្រួសារ​សព​ មិន​ជឿ​សម្ដី​របស់​តៃ​កុង​ឡាន​នោះ​ឡើយ​ ដោយ​គេ​បាន​លើក​ឡើង​ថា​វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​តៃ​កុង​ឡាន​បើក​បុក​មនុស្ស​១,៨៥​ សង់​ទីម៉ែត្រ​ ហើយ​មិន​ដឹង​នោះ​ ម្យ៉ាង​វិញ​ទៀត​ពេល​នោះ​ផ្ទៃ​មេឃ​ស្រឡះ​គ្មាន​ឧបសគ្គ​ដល់​ការមើល​ឃើញ​នោះ​ឡើយ​។ ម្ដាយ​របស់​សព​បាន​និយាយ​ទៀត​ថា ក្រៅពីអ្វី​ដែល​លោក​ស្រី​បាន​លើក​ឡើង​មាន​រ៉ឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​ស្ដាប់​ទៅ​មិន​អាច​ទទួល​​យក​បាន​ ខណៈ​ដែល​ព័ត៌មាន​ស្ដី​ពី​គ្រោះ​ថ្នាក់​ក៏​មាន​ភាពយឺតយ៉ាវ​។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​កូនប្រុស​ខ្លួន​នៅ​ក្នុង​ថ្ងៃ​គ្រោះថ្នាក់​នោះ​ប្រហែល​ជា​ដើរ​ទៅ​លេង​ប្ដី​ជីដូន​របស់​គេ​ដែល​នៅ​ក្បែរៗ​នោះ​។ រឿង​ដែល​លោក​ស្រី​មិន​អស់​ចិត្ត​ទៀត​នោះ​គឺ​រថយន្ត​កូន​លោក​ស្រី​ក៏​បាត់​ផង​ដែរ​ លោក​ស្រី​កំពុង​តែ​ស្នើ​ឱ្យ​ប៉ូលិស​ស្រាវជ្រាវ​រក​រថយន្ត​នោះ​មក​វិញ​ដែរ។​ សម្រាប់​ករណី​គ្រោះ​ថ្នាក់​នេះ​មាន​សំនួរ​ជា​ច្រើន​ត្រូវ​បាន​ក្រុម​គ្រួសារ​ចោទ​​សួរ​​ប៉ុន្តែ​មិនមាន​ចម្លើយ​អ្វី​ទាំង​អស់​។

កាបូប​លុយ​ អត្តសញ្ញាណបណ្ណ​ និង​កាត​ធនាគារ​មាន​នៅជាប់​នឹង​ខ្លួន​សព​ ប៉ុន្តែ​សោរឡាន​និង​ទូរសព្ទ​បាន​បាត់​ ខណៈ​ដែល​សម្លៀកបំពាក់​កូន​គាត់​មិនមាន​ដាច់​រហែក​នោះ​ឡើយ​។ យ៉ាង​ណា​មិញ​ករណី​គ្រោះ​ថ្នាក់​នេះ​នៅ​តែ​ស្ថិត​ក្នុង​ការ​សង្ស័យ​ពីសាច់​ញាតិ​របស់​សព​នៃ​ជន​រងគ្រោះ​នៅ​ឡើយ​៕

Share.