ក្រោយបាត់មុខ១រយ:ពេលនេះកីឡាករវ័យក្មេង វុធ តុលា បង្ហាញខ្លួនសារជាថ្មី ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ជើងទី១ ដែលក្លិបបាល់ទាត់វិសាខា យកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៥ ខែតុលា។

ម្ចាស់ស្បែកជើងមាស Hun Sen Cup 2020 (ថ្នាក់ជាតិ) ត្រូវបាន​គេ​ឃើញ​ចូលរួមលេងឲ្យក្រុមហ្វូតសាលមួយនៅប្រទេសថៃ និងលេងឲ្យក្លិបបាល់ទាត់សូហ្វីយ៉ា ក្នុងពានរង្វាន់ពាក់កណ្តាលអាជីព BATTAMBANG LEAGUE CUP 2022 ផងដែរ ដើម្បីស្តារកាយសម្បទាឡើងវិញអំឡុងបាត់មុខមួយរយ:ពីទីលាន។

ចំណែក​ជំនួបនៅកីឡដ្ឋាន Cambodia Airway បានបញ្ចប់ដូចគ្នាដោយម្ចាស់ផ្ទះបឹងកេត បានយកឈ្នះអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៣-០។ ជ័យជម្នះ​នេះស៊ុតដោយកីឡាករ សេត រ៉ស៊ីប នៅនាទី២២’ និង ម៉ាត់ នូរុណ នៅនាទី ២៥’, ៩០+៣’។

សម្រាប់​ជើងទី២​នៃ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នេះ​នឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដោយអគ្គិសនីកម្ពុជា ទទួល បឹងកេត វិញ​ម្តង​នៅកីឡដ្ឋានអគ្គិសនីកម្ពុជា (ម្តុំ​ទួលសង្កែ) វេលាម៉ោង ១៥:៣០នាទីរសៀល រីឯ វិសាខា ស្វាគមន៍ ភ្នំពេញក្រោន នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ១៨:៣០នាទីល្ងាច។

សូម​បញ្ជាក់​ថា​ក្នុងករណីចប់ការប្រកួត ហើយលទ្ធផលសរុបគ្រាប់បាល់ទាំង២ជើងស្មើគ្នា នឹងមានការបន្ថែមម៉ោង ១៥នាទី ២ដង នឹងឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ប្រសិនលទ្ធផលនៅតែស្មើគ្នាក្នុងម៉ោងបន្ថែម ១៥នាទី ២ដង៕

Share.