តារាចម្រៀង ម៉ានិត បានប្រមូលនូវបទចម្រៀងរបស់ខ្លួនដែលសុទ្ធតែជាបទល្បីៗកាលពី ១០ ឆ្នាំមុន មកផលិតជាថ្មី ឬ Remake​ Version​ 2022 ឱ្យមានភាពខុសប្លែក និងទទួលបានអារម្មណ៍ថ្មីជាងមុន។

លោក ម៉ុង ម៉ានិត គឺតារាចម្រៀង RnB ដែលរះក្នុងដួងចិត្តមិត្តយុវវ័យកម្ពុជាមក១០ឆ្នាំជាងមកហើយ បទចម្រៀងរបស់លោកនីមួយៗសុទ្ធតែប្រមូលនូវអារម្មណ៍​មនោសញ្ចេតនាស្នេហារបស់យុវវ័យ លាតត្រដាងក្នុងអត្ថន័យបទចម្រៀង ហើយទទួលបាននូវការគាំទ្រខ្លាំង។ ជាពិសេសម្ចាស់បទចម្រៀង «មាននាងក៏ធុញ គ្មាននាងក៏ធុញ» រូបនេះបានព្យាយាមសាងស្នាដៃបទចម្រៀង Original Song ដែលមិនចម្លងបរទេស មិនក្រោម ៣០ បទនោះទេ។

កាលពី ១០ ឆ្នាំមុន បទចម្រៀងរបស់លោក ម៉ានិត ដែលមានទទួលបានការគាំទ្រខ្លាំង និងមានអ្នកច្រៀងតាមច្រើនជាងនោះ ដូចជាបទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» បទ « Last Smile » បទ « You Never Know» បទ « You & I» ជាដើម។ បទទាំងអស់នេះ គេនៅចាំបានថា ភាគច្រើនមានចាក់នៅតាមហាង Milk Green Tea ហើយមានយុវវ័យខ្លះទៀត នាំគ្នាលេងហ្គីតាបទទាំងអស់នេះនៅក្នុងហាងក៏មាន។

ជាការរម្លឹកពីអារម្មណ៍កាលពី ១០ ឆ្នាំមុន ទើបលោក ម៉ានិត បានរៀបរាប់ចំពោះការផលិតបទទាំងអស់នោះឡើងវិញថា ៖

១០ឆ្នាំនៃខ្ញុំនិងអ្នក!
ខ្ញុំបាទមានកិត្តិយសសូមប្រកាសការ Re-Recording & Remake នៃចម្រៀងរបស់ខ្ញុំកាលពី១០ឆ្នាំមុន ជូនអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាថាស្ដាប់បទរបស់ខ្ញុំតាំងពីនៅក្មេងៗ ឯខ្ញុំក៏ផលិតបទទាំងនេះតាំងពីនៅក្មេងៗដូចគ្នា។ នេះជាកាដូជូនដល់អ្នកវិញ ដែលតែងតែគាំទ្រស្មោះពីចិត្តចំពោះរូបខ្ញុំ។ ១០ឆ្នាំនេះពិតជាពិសេសណាស់សម្រាប់ខ្ញុំ ខ្ញុំក៏ជឿថា វាក៏ពិសេសសម្រាប់អ្នកដូចគ្នា។ មានរឿងដែលត្រូវអបអរច្រើនណាស់សម្រាប់ខ្ញុំ។​ អបអរគម្រប់ខួប១០ឆ្នាំនៃចម្រៀងចាស់ៗរបស់ខ្ញុំ​ អបអរគម្រប់ខួបនៃអាជីពជាតារាចម្រៀងរបស់ខ្ញុំ អបអរគម្រប់ខួប១០ឆ្នាំនៃការគាំទ្ររបស់អ្នកចំពោះរូបខ្ញុំ។ សូមរីករាយឆាប់ៗនេះ នឹងចូលរួមអបអរ១០ឆ្នាំនៃខ្ញុំនិងអ្នកជាមួយខ្ញុំ​ និង Cottage Coffee។

Manith Jupiter 

សូមជម្រាបថា កន្លងមក ម៉ានិត ធ្លាប់បានលើកឡើងពីការបទចម្រៀងរបស់លោកនីមួយៗ គឺសរសេរឡើងពីអារម្មណ៍ផ្ទាល់ខ្លួន និងឱ្យអ្នកស្ដាប់មានអារម្មណ៍សន្តិភាព ទទួលកម្លាំងចិត្តចំពោះខ្លួន បើទោះបីជាពួកគេជួបរឿងស្នេហាប្រភេទណាក៏ដោយ ក៏ត្រូវតែទទួលបាននូវការលើកទឹកចិត្តផងដែរ។

ជាក់ស្ដែងដូចជាបទ «សេ្នហ៍ពិតមិនគិតពីCalories» ជាបទចម្រៀងដែលលើកទឹកចិត្តដល់អ្នកដែលត្រូវគេបង្អាប់ និយាយដើមពីរូបរាងមិនស្អាតនៅក្នុងសង្គម។

ដើម្បីជាចំណងដៃប្រគល់ឱ្យហ្វេននៅក្នុងឆ្នាំ ២០២២នេះ ទើបលោក ម៉ានិត បញ្ចេញបទចម្រៀង Remake​ Version​ 2022​ បាន ៣បទហើយ និងបទបន្តបន្ទាប់ទៀតដែលត្រៀមបញ្ចេញនាពេលមុខឆាប់ៗនេះថែមទៀត។

Share.