ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2022 រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ គិត​ត្រឹម​ពេល​នេះ ដោយ​ក្រុមKuala Lumpur City របស់​ម៉ាឡេស៊ី ប៉ះ​ក្រុម Al-Seeb​ របស់​អូម៉ង់ បន្ទាប់​ពី​​ប្រកួត​ជម្រុះ​​ក្នុង​ចំណោម​ក្រុម​៤៤​មក​ពី​២៧​សហព័ន្ធ​​សមាជិក​ក្នុង​ទ្វីប។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​លោក Bojan Hodak ជនជាតិ​ក្រូអាត បាន​ជួយ​ឱ្យ​ក្រុម Kuala Lumpur City ដែល​ជា​ក្រុម​ក្នុង​តំបន់​អាស៊ាន ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី២ បន្ទាប់​ពី​ក្រុម​ Johor Darul Ta’zim របស់​ម៉ាឡេស៊ី ដូចគ្នា​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១៥។

បុរស​វ័យ​​៥១​ឆ្នាំ​រូប​នេះ​​ធ្លាប់​ត្រូវ​បាន​លោក​ឧកញ៉ា ឬទ្ធី សំណាង ថៅកែ​ក្លិប​ភ្នំពេញក្រោន នាំ​យក​មក​ជួយ​ក្រុម​នៅ​ប្រទេស​កម្ពុជា ក្នុង​​ចន្លោះ​ឆ្នាំ​២០១០-២០១១ ព្រម​ទាំង​កាល​នោះ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា នឹង​ធ្លាប់​បាន​ជួយ​ក្រុម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC President’s Cup ផង​ដែរ។

ក្រោយ​មកចេញ​ពី​ភ្នំពេញក្រោន លោក Bojan Hodak ទៅ​ធ្វើ​ជា​គ្រូ​ជំនួយ​នៅ​ក្លិប Shandong Taishan សមាជិក​លីគ​កំពូល​ចិន ហើយ​ក្រោយ​មក​ទៀត​ចន្លោះ​ពី​ឆ្នាំ​២០១២​ដល់​២០១៩ លោក​ធ្វើ​ជា​គ្រូ​បង្វឹក​តាម​ក្លិប​ខ្លាំងៗ​មួយ​ចំនួន​នៅ​ម៉ាឡេស៊ី​និង​ដឹកនាំ​ក្រុម U19 ម៉ាឡេស៊ី ផង​ដែរ។ ឆ្នាំ​២០២០ លោក​បាន​ទៅ​ដឹកនាំ​ក្រុម​ PSM Makassar នៅ​ឥណ្ឌូណេស៊ី មុន​ធ្វើ​ត្រឡប់​ទៅ​ម៉ាឡេស៊ី វិញ​ដោយ​ដឹកនាំ​ក្រុម Kuala Lumpur City។

សូម​បញ្ជាក់​ថា​លទ្ធផល​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រុម Al-Seeb របស់​អូម៉ង់ យក​ឈ្នះ​ក្រុម Al-Riffa ដោយ​លទ្ធផល ៤-០ ខណៈ​ក្រុម Kuala Lumpur City ឈ្នះ​ក្រុម Sogdiana Jizzakh របស់​អ៊ូប៊ែគីស្ថាន ដោយ​បាល់​ប៉េណាំងទី​កាត់​សេចក្តី ៥ទល់៣ ក្រោយ​ប្រកួត​ស្មើ​គ្នា​៩០នាទី​និង​ថែម​ម៉ោង​១៥​នាទី​២ដង ដោយ​លទ្ធផល ០-០។

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទាត់ AFC Cup 2022 ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​​៥​ខែ​មេសា ដល់​២២ ខែ​តុលា ឆ្នាំ​២០២២ ដោយ​មាន​ក្រុម​ចូលរួម​​ពី​៥​តំបន់​ក្នុង​ទ្វីប​រួម​មាន៖
-អាស៊ី​ខាង​លិច៖ ១២​ប្រទេស
-អាស៊ីខាងត្បូង៖ ៧ប្រទេស
-អាស៊ីកណ្ដាល៖៦ប្រទេស
-អាស៊ី​អាគ្នេយ៍ (អាស៊ាន)៖ ១២​ប្រទេស
-អាស៊ី​ខាង​កើត៖ ១០​ប្រទេស

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​បង្កើត​រូបមន្ត​នៃ​ការ​ប្រកួត​មាន​ដូចជា​ វគ្គ​ជម្រុះ Preliminary stage, Play-Off Stage, Group Stage និង​ Knockout Stage។ ក្រុម​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ថវិកា​ចំនួន​១លាន​៥សែន​ដុល្លារ​អាមេរិក ហើយ​ក្រុម​ជើង​ឯក​រង​ទទួល​បាន​៧៥​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ជើង​ឯក​តាម​តំបន់ (Zone) នីមួយៗ​ទទួល​បាន​ទឹក​ប្រាក់ ១០ម៉ឺន​ដុល្លារ​អាមេរិក៕

Share.