
បើយោងតាមគេហទំព័ររបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន គាំទ្រចំពោះគម្រោងបង្កើតកម្មវិធី ប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា សម្រាប់ទស្សនិកជនបានទស្សនានៅក្នុងបរិបទកូវីដ-១៩ នេះ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ត្រូវបានស្រង់សម្តីថា គម្រោងបង្កើតកម្មវិធី ប្រដាល់នៅទូរទស្សន៍ជាតិកម្ពុជាដែលលើកឡើងដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺដើម្បីបម្រើដល់ការទស្សនារបស់ប្រជាពលរដ្ឋដែលភាគច្រើននិយម លើវិស័យប្រដាល់គុនខ្មែរ ហើយម្យ៉ាងទៀតក្នុងគោលដៅជួយលើកកម្ពស់វិស័យប្រដាល់នេះ ឱ្យកាន់តែរីកចម្រើនផងដែរ។
« ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនៅការគាំទ្រជារួមទៅដល់ទូរទស្សន៍ជាតិកម្ពុជា នៅក្នុងការបង្កើតកម្មវិធី ប្រដាល់របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលគ្រោងនឹងផ្សព្វផ្សាយនៅពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យយកចិត្តទុកដាក់ នៅក្នុងការពិនិត្យទៅលើកម្មវិធី ដ៏សំខាន់ពីរគឺកម្មវិធីការប្រកួតរ៉ូបូត កម្មវិធីប្រកួតប្រចាំឆ្នាំ និងកម្មវិធីប្រកួតស្នាដៃគំនូរជីវចល ដែលឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យយកចិត្តទុកដាក់នៅក្នុងការពិនិត្យមើលលើលទ្ធភាពនៅក្នុងការរៀបចំកម្មវិធីនេះឡើងវិញនៅក្នុងឆ្នាំ២០២១នេះហើយធ្វើយ៉ាងណាពង្រឹងឱ្យបាននូវគុណភាពនូវការផលិតជាស្នាដៃនៃការប្រកួតប្រជែងកម្មវិធីទាំងពីរហ្នឹង»។
សូមបញ្ជាក់ថា ទូរទស្សន៍ជាតិកម្ពុជា ក៏មានសកម្មភាពផ្សាយផ្ទាល់ពីការប្រកួតកីឡាបាល់ទាត់ដែរ ក្រោយបានចាប់ដៃគូជាមួយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ទទួលសិទ្ធិផ្សាយផ្ទាល់ពីការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា Metfone Cambodian League និងពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕
